ខេត្តតាកែវ ៖ ទីតាំងបើកភ្នាល់ល្បែងស៊ីសង ជល់មាន់ បៀរ បាល់ តាមអនឡាញ ជាច្រើនកន្លែងសឹងតែគ្រប់តូបការហ្វេក្នុងក្រុងដូនកែវ ពិសេសទីតាំងដុះស្លែមួយកន្លែងស្ថិតនៅ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ខាងកើតឈាងខាងត្បូងផ្សារធំតាកែវ បើកលេងបានយ៉ាងរលូន ដោយគ្មានការរំខានពីកម្លាំងសមត្តកិច្ចក្រុង ឬអាជ្ញាធរពាក់ពន្ធ័ឡើយ លើសពីនេះទៀតលោកអធិការនគរបាលក្រុងដូនកែវសុំឲ្យអ្នកកាសែតជួយប្រាប់ទីតាំងគាត់ផង។
បើយោងតាមសំដីក្រុមអ្នកញៀនល្បែងស៊ីសងបានប្រាប់អង្គភាពសារព័ត៌មានថា ក្នុងមួយថ្ងៃៗមានអ្នកចាញ់ប្រាក់អស់ពី300$ទៅ1000$ ទៅលើល្បែងភ្នាល់តាមអនឡាញនៅទីតាំងដុះស្លែខាងលើនេះ។ មិនតែប៉ុណ្ណោះក្រុមអ្នកលេងល្បែងថែមទាំងខ្សឹបប្រាប់ទៀតថា កន្លែងលេងល្បែងដុះស្លែមួយនេះមានខ្នងបង្អែកក្រាសៗនៅពីក្រោយខ្នងទើបពួកគេមានភាពកក់ក្តៅនិងចូលទៅលេង។
ករណីកើតមានបើកទីតាំងលេងល្បែងតាមអនឡាញយ៉ាងច្រើននេះ ជាកត្តាបណ្តាលឲ្យកើតមានអំពើ ចោរលួច ចោរឆក់ ចោរប្លន់អស្ថេរភាពសន្តិសុខនៅតាមមូលដ្ថាន។ តើភូមិឃុំសុវត្ថិភាពនៅត្រង់ណា?
ពលរដ្ឋសុំសំណូមពរទៅលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការថ្មីនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏ដូចជា លោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ មានចំណាត់ការខ្លះផងចំពោះរឿងនេះ ព្រោះវាជាក្តីបារម្មណ៏របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជុំវិញទីតាំងល្បែងអនឡាញជាច្រើនក្នុងក្រុងដូនកែវនេះ លោក ឥណ្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះថា សុំអ្នកកាសែតជួយប្រាប់ទីតាំងផងព្រោះលោកអត់បានដឹង ហើយបើចង់ចុះផ្សាយគួរនិយាយគ្នាសឹនទៅ ព្រោះសុទ្ធតែគ្នាឯងទេ៕