ចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ពានអាកាសចោមចៅ១បន្ថែមទៀតនឹងត្រូវបើកឲ្យប្រជាជនធ្វើដំណើរជាបណ្តោះអាសន្ន។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការបើកដំណើរការបន្ថែមស្ពានអាកាសចោមចៅនេះ គឺដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា ស្ពានអាកាសចោមចៅ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន OCIC ហើយបើគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ធផលបាន ៩២%ហើយ។
មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា តាមគម្រោង ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខ៕