សង្គម

វ៉ាក់សាំង Pfizer ចំនួន ១លាន៥សែនដូស ជាជំនួយរបស់អូស្ត្រាលីជើងទី២ មកដល់កម្ពុជា

ដូច​ការគ្រោងទុក នៅ​ម៉ោង​ប្រមាណ ៧​យប់ ថ្ងៃទី​២៨ ខែធ្នូ​ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ប្រភេទ Pfizer ចំនួន ១ ៥៦៧ ៥៣០ ដូ​ស ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ​។

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​យប់​ថ្ងៃទី​២៨ ខែធ្នូ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សរុប​ជាង ៤៣​លាន​ដូ​ស​ហើយ​។​

​យ៉ាងណាក៏ដោយ លោកជំទាវ យក់ សម្បត្តិ មិនបាន​បញ្ជាក់ថា នៅពេលណា ទើប​កម្ពុជា​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង Pfizer ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​នេះ​ទេ​។ តែ​លោកជំទាវ លើកឡើងថា ថ្នាំ​វ៉ាក់សាំង​នេះ ត្រូវ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង រហូតដល់ ដក ៨០​អង្សា​សេ ដែល​កម្ពុ​ជាមាន​កន្លែង​រក្សាទុក​ថ្នាំ​វ៉ាក់សាំង​នេះ បាន​យ៉ាង​ល្អ​។​

គួរ​រំលឹកថា កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៦​ធ្នូ ថ្នាំ​វ៉ាក់សាំង Pfizer ចំនួន ៧៨៣ ០០០​ដូ​ស ដែលជា​ជំនួយ​អូស្ត្រាលី ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស មកដល់​កម្ពុជា ដោយមាន​វត្តមាន​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​ស្ថានទូត​អូស្ត្រាលី បាន​អញ្ជើញ​ទៅ​ទទួល​។​

នៅពេលនោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ​វ៉ាក់សាំង Pfizer ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី សរុប​ទាំង ២​លើក ចំនួន​ជាង ២,៣​លាន​ដូ​ស​នេះ នឹងត្រូវ​ប្រើប្រាស់​ជា​ដូ​ស​ជំរុញ ពោលគឺ​ចាក់​ជា​ដូ​ស​ទី​៣ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទើបតែ​ចាក់​វ៉ាក់សាំង​បាន ២​ដូ​ស និង​ចាក់​ជា​ដូ​ស​ទី​៤ សម្រាប់​ពេទ្យ និង​មន្ត្រី​ជួរមុខ ដែល​ចាក់​វ៉ាក់សាំង បាន ៣​ដូ​ស​រួចមកហើយ​៕