ក្រសួងការពារជាតិកម្ពុជា នឹងប្រារព្ធពិធីយ៉ាងអធិកអធម ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ដល់យប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះដើម្បីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ ការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចុះត្រួតពិនិត្យ នូវការរៀបចំស្តង់តាំងពិព័រណ៍ សម្រាប់សមិទ្ធផលតាមបណ្តាអង្គភាពនានាចំណុះឲ្យក្រសួងការពារជាតិ នៅវិមាន ឈ្នះ ឈ្នះ នាព្រឹកថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គ នាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស និងជាប្រ ធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់ វិមានឈ្នះ ឈ្នះ បានឲ្យដឹងថា នៅក្នុងឱកាសប្រារព្ធពិធីខាងលើនេះ នឹងមានការប្រគំតន្ត្រី បាញ់កាំជ្រួច និងពិធីកំសាន្តនានាជាច្រើនទៀត ដើម្បីអបអរសាទរខួបខាងលើនេះ បន្ទាប់ពីអាក់ខានមួយ ឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ-១៩នោះ។
ក្នុងសន្និសីទសារព័ត៌មាននោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ រំឮកអំពីអត្ថន័យនៃសំណង់វិមានឈ្នះ ឈ្នះថាៈ វិមាននេះគឺជាកំពូលដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន ៣នាំឲ្យនយោបាយឈ្នះ ឈ្នះទទួលបានជោគជ័យ៖
ទី១-ការធានារូបកាយ និងអាយុជីវិត,
ទី២-ធានាអាជីព និងមុខរបរ
ទី៣-ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ)
ទី៤- តួវិមានដែលមានជ្រុង
ទី៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំ បែក ឯកោបញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ)ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់ទី៣- តួវិមានមានជ្រុង ប្រាំពីរ តំណាងកត្តានាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគ ជ័យ ។
នៅជាប់លើវិមានមានឆ្លាក់សិលាចារឹកចំនួន២ផ្ទាំង គឺសិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញ លេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុង ឆ្នាំ ១៩៩៨មក។
អត្ថន័យនៃការកសាងវិមាន ឈ្នះ ឈ្នះ គឺចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយតរៀង ទៅ ។ សិលាចរឹកផ្ទាំងទី២ បង្ហាញអំពីការបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរសជនដែលកសាងថែទាំ ការពាររួមទាំងការអំពាវនាវរបស់សប្បុរសជនទាំង ឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។
យ៉ាងណាក៏ដោយ នៅក្នុងឱកាសប្រារព្ធពិធីយ៉ាងអធិកអធម ខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣នៃការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះនេះដែរនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានអំពាវនាវដល់បង ប្អូនជនរួមជាតិ ដែលនឹងចូលទស្សនាកំសាន្តគប្បីត្រូវធ្វើជា ម្ចាស់ ការដោយខ្លួនឯង ពោលគឺត្រូវបន្តគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាលក្នុងកិច្ចការពារ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះតែម្តង។
សូមបញ្ជាក់ថា នៅក្នុងពិធីខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣នៃការដាក់ឲ្យដំណើរការជាសាធារណៈវិមាន ឈ្នះ ឈ្នះ នឹងប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការ ពារជាតិ និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះ ឈ្នះតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕