ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំ ឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ហើយបេក្ខជនអវត្តមាននៅព្រឹកថ្ងៃទី១ មានចំនួន ៤១៩៨ នាក់ (ស្រី ១៧៩២នាក់) ត្រូវជាភាគរយ ៣,៦៨ %។
សម្រាប់ទិដ្ឋភាពជារួមនៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
នៅព្រឹកថ្ងៃទី១នេះដែរ ពុំមានបេក្ខជនណារំលោភបទបញ្ញត្តិនៃការប្រឡង គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ ។
សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពផ្ទាល់ខ្លួនវិញ នៅព្រឹកថ្ងៃទី១នេះ មានចំនួន ២៥ ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៧ នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន ១៦ នាក់។
ក្រសួងបានបញ្ជាក់ថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងបន្តក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ៕