សង្គម

ទៀតហើយ! ពលរដ្ឋ​មួយគ្រួសារទៀត​ប្តឹងលោកមេឃុំបានកាម រឿង​ដកដីរបស់ឯកជន មក​ដាក់ចូលជាដីរួម

បន្ទាប់ពីមានពាក្យ​បណ្តឹង​របស់លោក យិន សារឹទ្ធ និងប្រពន្ធដែលរស់​នៅភូមិ​ថ្លុកដូងទុំ បានដាក់ពាក្យ​ទៅអភិបាលស្រុកព្រៃកប្បាស ប្តឹងលោក ឃន សុខេង មេឃុំ​បានកាម និង​លោក ណុប ស្រិន ជំទប់ទី១ ពីរឿងដកយកដីឯកជន​ទៅដាក់ជាដីរួម ក្រោយ​ពីមានការ​ចុះមកធ្វើប្លង់ជាប្រព័ន្ធនោះ ឥឡូវនេះ មានពលរដ្ឋ​១គ្រួសារទៀតហើយ បានដាក់ពាក្យប្តឹងលោកមេឃុំ និង​បក្ខពួក ដែលបានដកដីស្របច្បាប់របស់គាត់ទៅដាក់ជាដីរួមដែរ។

លោក សុក ម៉ុល អាយុ​៧០ឆ្នាំ រស់​នៅ​ភូមិ​ដូងខ្ពស់ ឃុំបាកាម បានលើក​ឡើង​នៅ​ក្នុង​ពាក្យ​បណ្តឹង​ដែលបានដាក់ជូន​ទៅ​អភិបាលស្រុកព្រៃកប្បាសថា លោក ឃន សុខេង មេឃុំបានកាម រួមជាមួយ​លោក ណុប ស្រិន ក្រុមប្រឹក្សា​ឃុំ បាន​នាំគ្នា​ដកហូតដីអាស្រ័យផល​ស្របច្បាប់របស់គាត់ចំនួន ១៨អា ស្ថិត​នៅ​ភូមិ​ដូង​ខ្ពស់ ឃុំបានកាម យកទៅទុកជា​សម្បត្តិរដ្ឋ​ដោយ​គ្មានមូលហេតុ​ច្បាស់លាស់ ទាំង​ដែល​លោក​មាន​ឯកសារកាន់កាប់​ពីអាជ្ញាធរ​មូលដ្ឋាន​តាំងពីឆ្នាំ​១៩៨៤មក​ម្ល៉េះ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះលោក ឃន សុខេង និងលោក ណុប ស្រិន ក៏​បានរងបណ្តឹងពីពលរដ្ឋជាច្រើននាក់ផងដែរ​រឿងយកអំណាចរបស់ខ្លួនដើរដកដីរបស់ពលរដ្ឋដែរជាកម្មសិទ្ធឯកជនទៅទុកជាសម្បិត្តរួម៕