តាកែវ – លោក ឃន សុខេង មេឃុំបានកាម នៃស្រុកព្រៃកប្បាស ដែលពោពេញទៅដោយរឿងអាស្រូវជាច្រើនដូចជាឱ្យកូនបង្កើតដើរកាយដីតាមព្រែកយកអាចម៍ដីលក់, ដើរដកដីឯកជនរបស់ពលរដ្ឋទុកជាដីរួម, យកសារ៉ុងល្អៗដែរជាអំណោយរបស់ថ្នាក់ដឹកនាំដើម្បីចែកជូនពលរដ្ឋ ដូរយកសារ៉ុងអន់ៗ ឥឡូវនេះ បានបែកធ្លាយរឿងដណ្ដើមត្រាគ្នាកាន់ជាមួយស្មៀនឃុំថែម។
ប្រភពពីមន្ត្រីសាលាឃុំបានកាមសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កន្លងមកលោក ឃន សុខេង មេឃុំបានកាមតែងតែដកត្រាពីស្មៀនយកទៅទុកនៅផ្ទះរបស់ខ្លួន ពេលខ្លះស្មៀនក៏ឱ្យត្រាយកទៅ ហើយពេលខ្លះស្មៀនក៏មិនឱ្យយកទៅ ហើយនៅពេលណាស្មៀនមិនឱ្យត្រាទៅមេឃុំ ស្រាប់តែលោកមេឃុំបោះពាក្យថា «មុីស្មៀនក្បាលរឹង»។
ប្រភពដដែលបានបន្តទៀតថា វាជាទម្លាប់ទៅហើយរឿងលោកមេឃុំខាងយកត្រាទៅទុកនៅផ្ទះរបស់ខ្លួន តាំងពីស្មៀនមុនៗមកម្លេះ តែប៉ះចំស្មៀនស្រីកាន់ថ្មីៗនេះ លោកមេឃុំរៀងមិនសូវហ៊ានយកត្រាទៅញឹកញាប់នោះទេ។
ពាក់ពន្ធ័ករណីខាងលើនេះ យើងមិនអាចសុំកាបំភ្លឺពីលោក ឃន សុខេងមេឃុំបានកាមបានទេនៅថ្ងៃនេះ ដោយលេខទូរស័ព្ទលោកជាប់រវល់។
ចំណែកលោកស្រី ធៀប ណាគ្រុយ ស្មៀនឃុំបានកាមបានថ្លែងថា តាមផ្លូវច្បាប់ត្រាសាលាឃុំគឺនៅតែក្នុងបន្ទប់ស្មៀនតែប៉ុណ្ណោះគ្មានអ្នកណាមានសិទ្ធយកចេញក្រៅទេ។
លោកស្រីថា ករណីលោកមេឃុំយកត្រាទៅធ្វើអ្វីលោកស្រីមិនដឹងទេ តែលោកមេឃុំយកត្រាពីគាត់គឺពេលគាត់សុំច្បាប់ឈប់យូរ រីឯលោកមេឃុំហៅលោកស្រីថា «មុីស្មៀនក្បាលរឹង» គឺលោកស្រីមិនដឹងថា គាត់ហៅបែបនឹងមានគោលបំណងអ្វីនោះទេ។
លោក កុល ប៉េងឈុន នាយករដ្ឋបាលសាលាស្រុកព្រៃកប្បាសបានថ្លែងថា ត្រាសាលាឃុំត្រូវតែនៅក្នុងបន្ទប់ស្មៀន២៤ម៉ោងលើ២៤ម៉ោងគ្មានមេឃុំហ៊ានយកទៅទុកនៅផ្ទះខ្លួនឯងទេ តែបើយកត្រាទៅមែន ជាទង្វើខុសច្បាប់ទាំងស្រុង។
មហាជនក៍ដូចពលរដ្ឋបានលើកឡើងថា បញ្ហាអាស្រូវជាច្រើនរបស់លោកមេឃុំសបញ្ជាក់ឱ្យឃើញថា លោកមេឃុំរូបនេះមិនមានភាពស្អាតស្អំសម្រាប់បម្រើរាស្រ្តនោះទេ ហើយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ មិនដឹងយ៉ាងម៉េចនោះទេ៕