សង្គម

អគ្គិភ័យ២កន្លែង​នៅ​ភ្នំពេញព្រឹកមិញ បំផ្លាញផ្ទះប្រជាពលរដ្ឋ​ប្រមាណជាង៨០ខ្នង

កាលពីវេលា​ម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ សរុបប្រមាណ​៨២ខ្នង នៅពីរចំណុចផ្សេង​គ្នា​ក្នុងរាជធានីភ្នំពេញ។

ក្នុងនោះ​ទីតាំងអគ្គីភ័យទីមួយ បានឆេះផ្ទះប្រជាពលរដ្ឋ ជាង៧០ខ្នង ជាប្រភេទផ្ទះឈើប្រក់សង្ក័សី និងខ្លះទៀតប្រភេទសង្ក័សីសុទ្ធ កាលពីវេលា ៦និង៥៥នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង តំបន់បឹងកក់ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័តមានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្សែងហ៊ុយចេញពីផ្ទះ គ្មានមនុស្សនៅ ដោយផ្ទះនោះបានលក់ទៅឱ្យអ្នកផ្សេង ភ្លាមៗនោះ ភ្លើងបានឆាប់ឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។ បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង បានរាយការណ៍ទៅអាជ្ញាធរ ខណៈខ្លះទៀតបានប្រមូលរបស់របបចេញពីផ្ទះ សឹងតែមិនទាន់។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៧២ខ្នងផ្ទះ រួមមាន ឆេះអស់ទាំងស្រុងចំនួន៤៧ខ្នងផ្ទះ និងឆាប់ឆេះអស់ជាង៧០% ទៅ៨០% ចំនួន២៥ខ្នងផ្ទះ និងសម្ភារៈផ្សេងៗទៀតជាច្រើន។

ក្រោយមកមិនបានប៉ុន្មានម៉ោងផង គឺនៅម៉ោងជាង៨ព្រឹកថ្ងៃដដែលនេះ មានអគ្គីភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងទៀត តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងចេញពីផ្ទះមួយខ្នង បង្កជាអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រហូតប្រជាពលរដ្ឋគ្រប់គ្រងស្ថានភាពមិនបាន ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យដើម្បីជួយអន្តរាគមន៍។

ទោះជាយ៉ាងណា សមត្ថកិច្ចសន្និដ្ឋានថា ការឆាប់ឆេះនេះត្រូវបានបំផ្លាញផ្ទះអស់ប្រមាណ១២ខ្នង តែមិនទាន់ដឹងថាមានអ្នកគ្រោះថ្នាក់ដែរឬយ៉ាងណាទេ។

ដោយឡែក​មូលហេតុនៃករណីអគ្គីភ័យទាំងពីរនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕