សង្គម

កម្ពុជា​ផ្តើម​បើក​​កិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ ប្រទេស​កម្ពុជា បាន​ចាប់​ផ្តើម​បើក​កិច្ច​ប្រជុំ​កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) តាមប្រព័ន្ធវីដេអូ ក្រោម​មូលបទ «ការ​ពង្រឹងពហុភាគីនិយម​ដើម្បី​កំណើនរួម»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​នាម​ជា​ប្រធាន​កិច្ច​ប្រជុំ បាន​ថ្លែងសុន្ទរកថាបើក ដោយ​លើក​ឡើងថា ខណៈ​ដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាល នៃការរស់នៅជាមួយជំងឺកូវីដ-១៩ មូលបទដែលយើងបានជ្រើសរើសសម្រាប់កិច្ច​ប្រជុំ​កំពូល ASEM លើកទី ១៣ នេះ ពោលគឺ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» កាន់​តែមានសុពលភាព និងភាពសមស្របជាងពេលណាៗទាំងអស់។

សម្ដេចតេជោបន្ដ​ថា ជាការពិត នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងពិតជាមានសេចក្តី​ត្រូវការ ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុ​ភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន “ការចែករំលែក” ផងដែរ។

សម្ដេចតេជោលើកឡើងថា ចាប់​ពី​ពេលបង្កើតឡើងនៅឆ្នាំ ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏ សំខាន់​មួយ ក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍៖ ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសង់ស៊ីស និងភាពជាដៃគូ​ស្មើភាព ដែលសភាពការណ៍បច្ចុប្បន្នត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើង​ថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារ​ឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប។

ជាមួយគ្នានេះ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ក្នុងនាមជាវេទិកាពហុភាគីដ៏​សំខាន់​​មួយ ដែលតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និង​រឹងមាំ ។ ក្នុងស្មារតីនេះ សម្ដេចតេជោយល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ របស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់​ធ្នាប់​អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។ ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់​នៃ​អាទិភាពរបស់ខ្លួន យើងទាំងអស់គ្នា មានការទទួលខុសត្រូវរួម ក្នុងការធានាថា ASEM នៅ​បន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយ ដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាង​​ធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូល រួមចំណែកកាន់តែទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការ អភិវឌ្ឍរបស់ពិភពលោក៕