សង្គម

កម្ពុជានឹងចុះត្រជាក់រហូតដល់១៥អង្សា នៅកំឡុងសប្តាហ៍ទី៤ខែធ្នូ ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២

បើយោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ បាន​ឲ្យដឹងថា ចាប់ពីខែធ្នូ ឆ្នាំ​២០២១ រហូត​ដល់ខែកុម្ភៈ ២០២២ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹងកើតមានបាតុភូតឡានីណា (ត្រជាក់) មាន​ប្រមាណ ៩០ភាគរយ និង​ថយបន្តិចម្តងៗ​នៅត្រឹម ៦០ភាគរយ​នៅ​ខែកុម្ភៈ។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​ធាតុអាកាស​ត្រជាក់​នៅ​តមបន់​ស៊ីបេរី រុញច្រាន​ទ្រនុង​សម្ពាធខ្ពស់​ពីប្រទេស​ចិន ចុះ​មក​ក្រោម និង​គ្រប​ដណ្តប់​មក​លើ​កម្បុជា។

លក្ខណៈបែបនេះ នឹង​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រដូវរំហើយ​ខាងមុខ ចុះត្រជាក់ ក្នុង​នោះ​ចាប់ពី​សប្តាហ៍ទី១ ខែធ្នុ ដល់​សប្តាហ៍ទី៣ ខែធ្នុ ឆ្នាំ​២០២១ បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុង​ភូមិ​សាស្រ្ត​តំបន់ជួរភ្នំដងរែក និង​ខ្ពង់រាបភាគឦសាន សីតុណ្ហភាព​អាច​នឹង​ធ្លាក់ចុះ​នៅ​ក្នុង​រង្វង់ពី ១៧អង្សា ទៅ ១៩អង្សា។

ហើយ​ចាប់ពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ​២០២១ ដល់ខែកុម្ភៈ ឆ្នាំ​២០២២ បណ្តា​ខេត្ត​នៅភាគ​ខាងលើ​ក្នុង​ភូមិ​សាស្រ្ត​ជាប់តំបន់ភ្នំ និង​តំបន់ខ្ពង់រាបឦសាន សីតុណ្ហភាព​អប្បបរមា អាចនឹងធ្លាក់ចុះមក​នៅ​ក្នុងរង្វង់ពី ១៥ ទៅ ១៧អង្សា។

ដោយឡែកបណ្តា​រាជធានី ខេត្តដទៃ​ទៀត សីតុណ្ហភាព​អាចមានពីរង្វង់ ១៨ ទៅ ២០អង្សាសេ៕