សង្គម

បញ្ជូនជនជាតិថៃស្នាក់នៅធ្វើការងារក្នុងទឹកដីខ្មែរខុសច្បាប់ចំនួន ៦៧នាក់ ទៅប្រទេសខ្លួនវិញ

កាលពីថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២១ ជនជាតិថៃប្រុស ស្រីចំនួន ៦៧នាក់ (ស្រីចំនួន២៤នាក់) ដែលមកស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចខ្មែរ ត្រួតពិនិត្យរកឃើញស្នាក់នៅដោយខុសច្បាប់ បានចាប់ប្រគល់ជូនភាគីថៃវិញ នៅស្ពានមិត្តភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយយោងលិខិតស្ថានទូតថៃលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១, យោងលិខិតអគ្គស្នងការដ្ឋាននគរបាលជាតិលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១, យោងលិខិតអគ្គនាយកដ្ឋានកណ្ដាលសន្តិសុខលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១ ។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញផែនការងារអន្តោប្រវេសន៍ និងកម្លាំងជំនាញផែនការងារសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលការពារព្រំដែនគោក ដឹកនាំរួមដោយលោកឧត្តមសេនីយ៍ ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចុះត្រួតពិនិត្យបញ្ជូនជនជាតិថៃដែលលួចឆ្លងដែនមកធ្វើការនៅក្នុងក្រុងប៉ោយប៉ែត ដោយខុសច្បាប់ ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យយើងរកឃើញជនជាតិថៃ ស្នាក់នៅផ្ទះសំណាក់ នៅ ភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០៤នាក់, អាគារ ១៤០បន្ទប់ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៥៦នាក់, កាស៊ីណូប៉ូលី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០១នាក់, ចំណុចអាគារថ្មី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០១នាក់, ម្តុំផ្ទះល្វែង ក្បែរបុរី សាន ហូរ ៥នាក់ និងមកពីភ្នំពេញ ០១នាក់ ពិការជើង សរុបចំនួន ៦៧នាក់ ស្រី ២៤នាក់ ។

ចំពោះជនជាតិថៃទាំង៦៧នាក់ ស្រី២៤នាក់ បានធ្វើការប្រគល់ជូនភាគីថៃវិញ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕