អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ចំពិធីរាប់ថយក្រោយ ៥០០ថ្ងៃប្រកួតស៊ីហ្គេម ២០២៣ ក្រោយអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកចូលរួមប្រមាណ២០០០០នាក់។
បើតាមលោក វ៉ាត ចំរើន ការត្រៀមរៀបចំកម្មវិធីសំខាន់ៗទាំង៣ខាងលើនេះ ក្រុមការងារកំពុងធ្វើការដោយហ្មត់ចត់បំផុត ក្រោមការយកចិត្តទុកដាក់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា គណៈកម្មការជំនាញទាំងអស់របស់ CAMSOC កំពុងរៀបចំការសម្តែងសិល្បៈវប្បធម៌ នៅក្នុងអត្ថន័យនៃការរិតចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ចិន ដែលជាមិត្តដែកថែប ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះ ការរៀបចំពិធីសម្ពោធជាផ្លូវការនេះ គឺជាការបង្ហាញឲ្យឃើញពីការត្រៀមឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាផងដែរ៕