សង្គម

ទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ អាចចូលមករកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីសក្តិ

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង លេខ ៤៦២ សជណ.អគឧ ដោយ​អនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីសក្តិ។

ក្រសួងទេសចរណ៍បញ្ជាក់ថា​ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័ក​ទ្បើយ ដោយត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖

១.​ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ ហើយចូលមកកម្ពុជាតាមផ្លូវអាកាស,ផ្លូវគោក និងផ្លូវទឹក ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដ-១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល៧២ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។ ពេលមកដល់កម្ពុជា, ទេសចរតម្រូវឱ្យធ្វើតេស្តរហ័សកូវីដ១៩ (COVID-19 Rapid Test) អនុវត្តដោយមន្រ្តីសុខាភិបាលនៅតាមច្រកទ្វារចេញ-ចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័សរយៈពេលពី១៥ ទៅ ២០នាទីសិន។ បន្ទាប់​ពី​តេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទេសចរអាចធ្វើដំណើរបានដោយសេរីនៅទូទាំងកម្ពុជា ដោយមិនកម្រិត​​តំបន់ ឬខេត្ត ក្រុងនោះទេ និងមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ។

២.​​ទេសចរអន្តរជាតិ និងអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យយកសំណាកដើម្បីធ្វើតេស្តដោយម៉ាស៊ីនPCR នៅតាមច្រកទ្វារចេញ-ចូលកម្ពុជា និងត្រូវធ្វើចត្តាទ្បីស័កពេញលេញរយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។

៣.​ទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាទ្បីស័កនៅតាមមណ្ឌលចត្តាទ្បីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាទ្បីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ៕