ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាប័ន្ន។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើង ពីបញ្ហាប្រឈមរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងផ្នែកភូមិ សាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។ សម្តេចតេជោបានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាននោះ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន (We Care We Prepare We Prosper)»។
ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន យកទៅពិចារណា ដែលក្នុងនោះរួមាន ទី១- ជំងឺកូវីដ-១៩ នឹងបន្តបង្អាក់ប្រតិបត្តិការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក្នុងរយៈពេលវែងខាងមុខ។ ដូច្នេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធន់សង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ ការជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រកបដោយភាពរលូន និងរហ័សទាន់ចិត្ត នឹងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិត កម្ម ក្នុងតំបន់ប្រកបដោយភាពរឹងមាំ និងនិរន្តភាព។
ទី២- អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀត ក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូន ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ រួមទាំងសកម្មភាពអាទិភាពនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់ផែនការនេះ ដែលជាឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥។ ទី៣- អាស៊ានត្រូវខិតខំពន្លឿនការចុះហត្ថលេខា និងដាក់ឱ្យអនុវត្តឱ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងទូលំទូលាយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប (AECATA) កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-នូវែលសេឡង់ (ANZ-ASA) និងកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-កូរ៉េ (AKASA) ជាដើម។ កិច្ចព្រមព្រៀងទាំងនេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងជាស្ពានតភ្ជាប់អាស៊ានទៅពិភពលោក។
ទី៤- អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ សម្ដេចតេជោបានបន្ថែមថា “ខ្ញុំសូមបញ្ជាក់ជូនអង្គពិធីផងដែរថា ក្រោយពីកម្ពុជា បានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ ខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចទទួលបាន និងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល”។
ទី៥- វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដប្រមាណ២០ភាគរយ ដែលជាប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ សម្ដេចតេជោក៏សូមស្នើឱ្យអាស៊ាន បន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល ការកកស្ទះចរាចរ ឧស្ម័ន ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត។ ការជំរុញអនុវត្តន៍ការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ពិភពលោក យើងទាំងមូល។
ទី៦- អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈម ដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសតាមរយៈការជំរុញការអនុវត្តនូវលិខិតុបករណ៍ គតិយុត្ត ដូចជា (១) សេចក្តីណែនាំស្តីពីការកែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើរបាយការណ៍របស់អង្គការសហប្រជាជាតិ (២) សេចក្តីប្រកាសព្រុយណេដារ៉ូស្សាឡាមស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ២០៣០ ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិច ៥០ភាគរយ ពីឆ្នាំ ២០២១ ទៅឆ្នាំ២០៣០៕