សង្គម

ចាប់ប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ពាក់ព័ន្ធករណីជល់មាន់ នៅឱរ៉ាល់ តែពេលបញ្ជូនទៅតុលាការ ដោះលែងវិញ

កំពង់ស្ពឺ៖ សំណុំរឿងលោកប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ដែលស្ថិតក្នុងប្រតិបត្តិការ​បង្ក្រាបការជល់មាន់ ក្នុងចំការឬស្សីរបស់លោកវរសេនីយ៍ឯក ជឿង ថេង មន្ត្រីយោធាភូមិភាគ៣ ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះហើយ។ សមត្ថកិច្ច បាន​បង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកជល់មាន់ មួយក្រុម មានគ្នា ៤នាក់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។ករណីបង្ក្រាបល្បែង​ជល់មាន់នេះ ហាក់មានការលាក់លៀម មិនអោយព័ត៌មានបែកធ្លាយទេ ព្រោះជាប់ពាក់ព័ន្ធ​នឹងលោកប្រធានមន្ទីរតែម្តង។

អ្វីដែលមហាជន ក៏ដូចជាមន្ត្រីតូចតាចមានការងឿងឆ្ងល់ គឺនៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១នេះ លោកប្រធាន​មន្ទីរបែរជាដឹកនាំកិច្ចប្រជុំ ធ្វើហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកឱរ៉ាល់ បានប្រាប់ថា ទីតាំង​ល្បែងស៊ីសង​ជល់មាន់​ដ៏មានឥទ្ធិពលនៅក្នុងស្រុកឱរ៉ាល់ ត្រូវបានសមត្ថកិច្ចនគរបាល ឆ្មក់ចូលបង្រ្កាប ​កាលពីថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែ​ហួសចិត្ត​ដោយសារតែមានអន្តរាគមន៍ និងការជួយជ្រោមជ្រែងពីអ្នកមានអំណាច ក្នុងខេត្ត ទើបមិនអោយមានព័ត៌មានបែកធ្លាយចេញក្រៅ។

បើទោះជាបែបនេះក្តី ចាស់បុរាណ លោកបានពោលថា ដំរីងាប់ មិនអាចយកចង្អេរ មកបាំងបានឡើយ។ ​សមត្ថកិច្ចនគរបាល​តូចតាច ដែលតែងតែបានចូលរួមក្នុងកិច្ចប្រតិបត្ដិការរបស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឱរ៉ាល់​ កន្លង​មក​និយាយ​ខ្សឹបៗ​ថា​ កាលពី​ថៃ្ងទី​​៥​ វិច្ឆិកា​ ឆ្នាំ២០២១ នៅចំណុច​ព្រៃឬស្សីមួយកន្លែង​ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជន​ស្រុកឱរ៉ាល់​ ដែលគេដឹងថា ជាដីរបស់លោក ជឿង ថេង ជាបុគ្គលធ្លាប់មានប្រវត្ដិមិនល្អ និងមានឥទ្ធិពលក្នុងទឹកដីស្រុកឱរ៉ាល់​ បានលួចបើកអោយបាន​ការភ្នាល់គ្នាលេងជល់មាន់ គូពិសេស​ ដោយភ្នាល់ ១ម៉ឺនដុល្លារ​ឡើងទៅ​ ដែលក្នុងនោះ មានអ្នកមានប្រាក់​ ថៅកែកាប់ជ្រូក នៅ​ស្ទឹងមានជ័យ​ម្នាក់​ មន្រ្តី​រាជការ​ថ្នាក់​ដឹកនាំ​ក្នុងខេត្ដ​ម្នាក់​ និងអ្នកមានប្រាក់ជាច្រើនទៀត​ ត្រូវ​បានសមត្ថកិច្ច​ព័ទ្ធ​ចាប់បាន ចំនួន ៤នាក់។ អ្នកទាំងនោះ មានឈ្មោះដូចខាងក្រោម ១-លីប​ លីម​ ថៅកែកាប់ជ្រូក ២-ជា​ គឿន​ យោធា​ ៣-ហាក់​ លាប​ ថៅកែ​គ្រឿង​ចក្រ ៤-អ៊ិន​ សារ៉ន​ ប្រធាន​មន្ទីរ​ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ។

ប្រភពបន្តថា ក្រោយប្រតិបត្ដិការបង្រ្កាប​ មនុស្ស​ទាំងបួននាក់នេះត្រូវបាន​នាំដល់អធិការដ្ឋាន​នគរបាល​ស្រុក​ឱរ៉ាល់​ គឺទូរស័ព្ទ​របស់លោកអធិការ​ រវល់គ្មានពេលសំរាកនោះទេ​។ កុំច្រឡំ​ថា លោកជាប់រាយការណ៍ជូនថ្នាក់ដឹកនាំនោះ គឺលោកជាប់​ទទួលទូរស័ព្ទអ្នកអន្ដរាគមន៍ កុំអោយចាត់ការបន្ដ​ និងកុំឆ្លើយថា ទីតាំងនោះ ជារបស់អ្នកណា អោយសោះ​ គឺជាការជល់​មាន់ក្នុងព្រៃ ដើម្បីកែការកំសាន្ដ​តែប៉ុណ្ណោះ​។ចំណុចនេះ​ហើយ ដែលធ្វើអោយមន្រ្ដីតូចតាចអស់សង្ឃឹមនឹងចំណាត់ការកន្លងមក និងការចុះផ្សាយរបស់អ្នកសារព័ត៌មាន​កន្លងមកថា ​នៅក្នុងទឹ​កដីស្រុកឱរ៉ាល់ មានទីតាំងបើកល្បែងស៊ីសងជល់មាន់​ អាប៉ោង​ បៀ​ តាមទំនើងចិត្ដគ្មានការរំខានដល់​សមត្ថកិច្ចមូលដ្ឋានម្ដងណាសោះ​។

ចំពោះ​មុខសញ្ញា​ទាំងបួននាក់ ដែលនគរបាលយកមក គឺមាន​បទបញ្ជាហាមដាច់ខាត មិនអោយ​ថតរូប ហើយ​អ្នកកាសែត ដែលតែងតែផ្ដិតយករូបភាពសកម្មភាពក្នុងចែករំលែកព័ត៌មានពិតទៅដល់មហាជន ក៏មិនត្រូវអនុញ្ញាតឲ្យយកព័ត៌មានទេ។ ហាមទាំងអស់ សូម្បីក្រុមគ្រួសារអ្នកដែលត្រូវគេ​បង្ក្រាប​នោះ​ ឆ្ងល់ថា​ បទល្មើស​ល្បែងស៊ីសង​ មានទោសកម្រិតណាដែរ បានជាគេហាមឃាត់លាក់លៀមបែបនេះ​។ពេលមានសារព័ត៌មានចុះផ្សាយ​ ក្រុមប្រតិកម្មរហ័ស​នៃស្នងការដ្ឋាន​នគរបាល ខេត្ដកំពង់ស្ពឺ​ ចោទប្រកាន់​ថា អ្នកសារព័ត៌មាន​ចុះផ្សាយរូបចាស់​ គ្មានការពិត។​ ចុះពេលនេះ ហេតុអ្វី​បង្ក្រាប​បានអ្នកលេងមាន់ហើយ បែរជាសម្ងំលាក់ទុកទៅវិញ​?​ ឬមួយសម្ងំដោះលែង រត់ការ?។

តាមព័ត៌មាន​ ​ក្នុងចំណោម ៤នាក់ ដែលខាងនគរបាលស្រុកឱរ៉ាល់​ បញ្ជូនមកខេត្ដ​ គឺគេឃើញវត្ដមានក្នុងទ្រុងដែក​តែ ៣នាក់ទេ​ បាត់មន្រ្ដីជាន់ខ្ពស់ម្នាក់ ដែលមានមុខតំណែងក្នុងខេត្ដ មិនដឹងថា ពិតដែរ ឬទេ? ​​

ពាក់ព័ន្ធនឹងករណី លោក អ៊ិន សារ៉ន ប្រធានមន្ទីរ​អធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភា​រដ្ឋសភា ​ ត្រូវបាន​លោកឧត្តមសេនីយ៍​ទោ សម សាមួន ស្នងការនគរបាលខេត្ត បានប្រាប់តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា “ឃាត់គាត់ ក្នុងរង្វង់សមត្ថកិច្ច​ប្រតិបត្តិការ។ តែក្រោយធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ថា គាត់មិនមានការពាក់ព័ន្ធទេ។ សម្រាប់សំណុំរឿង ១នេះ យើងបញ្ជូនទៅតុលាការព្រឹកនេះ”។

ផ្តល់ព័ត៌មាន:010 840732/097 7620035