តាកែវ៖ អ្នកកាសែតរងគ្រោះ០៣នាក់ ក្នុងចំណោម០៩នាក់ បានចូលបំភ្លឺតាមការកោះហៅ របស់សមត្ថកិច្ចហើយ បន្ទាប់ពីពួកគាត់បានដាក់ពាក្យប្តឹង ឈ្មោះ គង់ ចាន់ដេត និងបក្ខពួកពីបទ « ប្រើហិង្សាវាយដំយ៉ាងព្រៃផ្សៃ ប៉ុនប៉ងមនុស្សឃាត និងប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើននៅចំណុចផ្លូវចូលទីតាំងបនល្បែងស៊ីសងខុសច្បាប់ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ តុលា ២០២១។
ក្រោយរងអំពើព្រៃផ្សៃនេះ ជនរងគ្រោះបានទៅទីស្នាក់ការសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដើម្បីពិគ្រោះយោបល់ ស្នើសុំការអន្តរាគមន៍ស្វែងរកយុត្តិធម៌ និងបានដាក់ពាក្យបណ្តឹងជាផ្លូវការចូលឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតមួយច្បាប់ស្នើសុំឱ្យ ឯកឧត្តមព្រះរាជអាជ្ញា ជួយផ្តល់យុត្តិធម៌ជូនបងប្អូន អ្នកកាសែតរងគ្រោះទាំង០៩នាក់ ទើបមានការកោះហៅជនរងគ្រោះឱ្យចូលបំភ្លឺបន្តបន្ទាប់។
លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានឱ្យសមាគមដឹងថា «ការកោះហៅនេះគឺធ្វេីឡេីងតាមបណ្តឹងរបស់ពួកគាត់ តាមគោលការណែនាំរបស់ ឯកឧត្តម ព្រះរាជអាជ្ញា ដេីម្បីចូលខ្លួនសាកសួរដេីម្បីបន្តនីតិវិធីឲ្យបានឆាប់ សូមអរគុណ»។
តាមរយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បងប្អូនអ្នកកាសែតរងគ្រោះ សូមសំណូមពរ ឯកឧត្តម ស្នងការ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ជាពិសេសបំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយពន់លឿននីតិវិធី ចាត់ការជនបង្កតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនពូកគាត់ឆាប់ៗៗៗ៕