សង្គម

យោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ២១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិននៃកងរាជអាវុធហត្ថ ជាង១០០នាក់ផ្សេងទៀត ទូទាំងប្រទេស!

នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិកា ១៣៥នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ Video Conference។

ក្នុងឱកាសនេះផងដែរ យោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ត្រៀមផ្ទេរចេញក្នុងឆ្នាំ ២០២១នេះ មានចំនួន២១នាក់ បានចូលរួមតាម Video Conference ចេញពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីស្តាប់ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិកា តាមបណ្តាខេត្តទាំង២៤។ 

ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសំណេះសំណាលតាម Video Conference ចប់ មេបញ្ជាការ តាមបណ្តារាជធានីខេត្ត បានធ្វើពិធី បំពាក់ឋានន្តរសក្តិ ជូនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិកា ក្រោមឱវាទរៀងៗខ្លួន ព្រមទាំងផ្តល់ជូននូវ សម្ភារៈ ថវិកា មួយចំនួនផងដែរ។ សម្រាប់យោធិន សោធននិវត្តន៍ និងពិកា នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងម្នាក់ៗ ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងករាជអាវុធហត្ថរាជធានីភ្នំពេញ នូវថវិកា៥០ម៉ឺនរៀល ទឹកសុទ្ធ០២កេស មី០២កេស ទឹកក្រូច០១កេស ស្កគ្រាប់ ១០កញ្ចប់៕