សង្គម

ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក៣ថ្ងៃ សម្រាប់ពិធីបុណ្យអុំទូក ហើយមានប្រាក់ឈ្នួល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាស ទាំងអស់អនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅពេលខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុកបានឱ្យដឹងថា តាមច្បាប់ស្តីពីការងារ និងប្រកាសលេខ ៣៩៧/២០ចុះ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២១ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួនឈប់សម្រាក ដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានោះដែរ ក្រសួងបានឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សា ជាមួយតំណាងកម្មករនិយោជិតក្នុងការ រៀបចំ ឬផ្លាស់ប្តូរការឈប់សម្រាកនេះ នៅពេលណា មួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។ ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្ត ទៅជា ប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិត ទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូច ដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំ បែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្ដូរគ្នា ហើយរក្សាទុកបញ្ជីបែងចែកនោះជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

ក្រសួងបានគូសបញ្ជាក់ថា «កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យនេះ មានសិទ្ធិ ទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា»៕