សង្គម

ការ​ប្រមូលសំរាម​ក្នុង​ខណ្ឌចំនួន៥ នឹង​ប្តូរមកយប់វិញ ដើម្បី​សោភណ្ឌភាពទីក្រុង

ខណ្ឌចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវធ្វើការផ្លាស់ប្តូរវេនក្នុងការប្រមូលសំរាមទៅពេលយប់វិញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសោភណភាពក្នុងទីក្រុង ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងកំឡុងពេលថ្ងៃផងដែរ។ នេះបើយោងតាមការឱ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២១។

លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា ជុំវិញការគ្រប់គ្រងសំរាម និងសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីណែនាំមួយរួចហើយ ក្នុងកំឡុងពាក់កណ្តាលខែកញ្ញា ជាការណែនាំទៅដល់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនផងដែរ ក្នុងការទុកដាក់ និងវេចខ្ចប់ ការទុកដាក់សំរាម និងការបញ្ចេញសំរាមឱ្យបានត្រឹមត្រូវទៅតាមការកំណត់របស់អាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនប្រមូលសំរាមទាំង៣នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤។

ក្នុងការប្រមូលសំរាមនេះ ក្នុងខណ្ឌចំនួន ៥ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌបឹងកេងកង អាជ្ញាធរបានធ្វើការផ្លាស់ប្តូរការបញ្ចេញសំរាមពេលថ្ងៃ មកធ្វើនៅពេលយប់វិញ។ ការនេះមានន័យថា ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមតែមួយពេលទេ ចន្លោះពីម៉ោង៦យប់ រហូតដល់ម៉ោង៩យប់ ហើយបន្ទាប់ពីនោះមក ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការប្រមូលសំរាមនៅក្នុងខណ្ឌទាំង៥នេះ មកធ្វើការដឹកជញ្ជូន និងប្រមូលចេញពីមុខផ្ទះប្រជាពលរដ្ឋតាំងពីពេលយប់រហូតដល់ភ្លឺតែម្តង។ ការធ្វើបែបនេះ ដើម្បីឱ្យព្រឹកឡើងសំរាមមិនមានការបញ្ចេញខុសម៉ោង ខុសពេល និងការទុកដាក់សំរាមដែលមើលឃើញនៅពេលថ្ងៃធ្វើឧ្យប៉ះពាល់ដល់សោភណភាពទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍ក៏ដូចជាសណ្តាប់ធ្នាប់ផ្សេងៗនៅពេលដែលក្រុមហ៊ុនក៏ដូចជាបុគ្គលិកដែលធ្វើការដើរកើបប្រមូលសំរាមផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចបែងចែករាជធានីភ្នំពេញជា ៣តំបន់ ដោយតម្រូវឱ្យក្រុមហ៊ុនចំនួន៣ផ្សេងគ្នាធ្វើការគ្រប់គ្រង។ តំបន់ដែលត្រូវបែងចែកជា៣នោះ រួមមានតំបន់ទី១ មានខណ្ឌ ទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ តំបន់ទី២ មានខណ្ឌដង្កោ ពោធិ៍សែនជ័យ កំបូល ដូនពេញ និងខណ្ឌ៧ មករា។ ចំណែកតំបន់ទី៣ មានខណ្ឌចំការមន មានជ័យ ច្បារអំពៅ និងខណ្ឌបឹងកេងកង៕