ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃអង្គារ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឱ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិន ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកម្សាន្ត និងខារ៉ាអូខេ គឺមិនអនុញ្ញាតឱ្យបើកដំណើរការនោះទេ ពោលគឺឱ្យបើកដំណើរការតែភោជនីយដ្ឋាន និងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចំពោះការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃម្សិលមិញ (៣ វិច្ឆិកា) ក្រសួងទេសចរណ៍បានប្រកាសពីការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញ ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិប្រតិបត្តិស្តង់ដាអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន និងត្រូវតាមដានត្រួតពិនិត្យសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕