រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ចំនួន ២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា ៖ «នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។ រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ និងខ្ពស់ៗ»។
ចំពោះខេត្តព្រះសីហនុ ដែលជាតារារះនៅទិសនិរតីវិញ បានជាប់ចំណាត់ថ្នាក់លេខ ២៨ ហើយរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា និងជាបណ្តុំនៃតំបន់សេដ្ឋកិច្ចនោះ បានជាប់ចំណាត់ថ្នាក់លេខ ២០។
ដោយឡែក កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បានជាប់លេខ២ ហើយ ឆ្នេរសមុទ្រហាឡុង នៃប្រទេសវៀតណាម ជាប់លេខ៣ ខណៈលេខ២៩ បានទៅលើ ទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ៕