សង្គម

ក្រុមកាប់ប្លន់ម៉ូតូនៅផ្លូវជាតិលេខ២ ត្រូវនគរបាលស្រុកបាទីឃាត់ខ្លួន ៣នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន

កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​ស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាព​កាប់ប្លន់​ម៉ូតូ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​នៅពេលយប់។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់នោះ ទី១ ឈ្មោះ សិលា រ៉ាវុធ ( ហៅ) វិត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ទី ២ ឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និង ទី ៣ ឈ្មោះ ឆាន ប៊ុនណា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ (បានជិះម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់) ។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ច​ដកហូតវត្ថុតាង រួមមានម៉ូតូ ជិះធ្វើសកម្មភាពចំនួន ២គ្រឿង ដាវចំនួន ២ដើម និងដំបងរលាស់ (ដែក) ០១ដើម។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង ៣នាក់ សារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះប្រាកដមែន ៕