សង្គម

ពេញ​១​សប្តាហ៍​នេះ​! ​កម្ពុជានឹងចុះ​ត្រជាក់​បន្តិច​ ខណៈភ្លៀង​ នឹងបន្តធ្លាក់​កម្រិត​ខ្សោយ​ទៅ​បង្គួរ

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​៣-៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​បញ្ជាក់ថា ក្នុង​រយៈពេល​នេះ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​ទៅ​បង្គួរ ហើយ​សីតុណ្ហភាព ចុះ​ត្រជាក់​បន្តិច​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ក្នុង​សប្តាហ៍​ខាងមុខនេះ (​ថ្ងៃទី​៣-៩ ខែវិច្ឆិកា​) កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​៖

* នៅ​ថ្ងៃទី​៣-៤ ខែវិច្ឆិកា ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន​។​

* នៅ​ថ្ងៃទី​៥-៨ ខែវិច្ឆិកា ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទា​ប៉ាស៊ីហ្វិក​។​

​ចាប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឥទ្ធិពល​ពី​មូសុង​ឦសាន ក្នុង​កម្រិត​មធ្យម អាចធ្វើ​ឲ្យ​សីតុណ្ហភាព​អប្ប​បរិ​មា​ធ្លាក់ចុះ​បន្តិច (​រយៈពេល​មួយ​សប្តាហ៍​) ក្នុង​រង្វង់​ពី​២០-២២ °C​។ រួមជាមួយ​ខ្យល់​ត្រជាក់​បក់​មកពី​ទិសឦសាន​។

ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ C

* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥ °C

* អាច​នឹងមាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម​។ ក្នុងនោះ​បណ្តា​រាជធានី​ខេត្ត​នៅ ភាគ​ខាងក្រោម​នឹង​បណ្តា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម អាច​នឹងមាន​ភ្លៀង​លាយឡំ ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C

* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C

* អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​។​

៣៖ តំបន់​មាត់សមុទ្រ​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C

* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °c

* អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​៕​