សង្គម

​ជ្រលង​សម្ពាធទាបបន្តអូរបន្លាយលើកម្ពុជា ក្រសួងស្នើ​ឲ្យ​ប្រុងប្រយ័ត្នចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹង​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា បច្ចុប្បន្ន​ខ្យល់​មូសុងនិរតីបក់ក្នុងកម្រិត​បង្គួរ ជាមួយ​នឹង​ជ្រលង​សម្ពាធទាប បន្ត​អូសនប្លាយ​នៅ​លើ​ប្រទេស​កម្ពុជា​នៅ​ឡើយ។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាប​កណ្តាល មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​តិច​ទៅបង្កួរ ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ ភាគ​ខាងក្រោម និង​ភាគ​ខាង​កើត​ជាប់​ប្រទេស​វៀតណាម នឹង​អាច​មាន​ភ្លៀងធ្លាក់ច្រើន។

បណ្តា​ខេត្ត​នៅ​តំបន់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាច​មាន​ភ្លៀងធ្លាក់​រាយ​ប៉ាយ​ពីខ្សោយ​ទៅមធ្យម។

សម្រាប់​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀងធ្លាក់ពីតិច​ទៅបង្គួរ។

ជាមួយ​គ្នា​នេះ ក្រសួង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ចំពោះបាតុផូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ៕