សង្គម

អភិបាលខេត្តកំពតថ្មីថា រឿងដូរប្រភេទដីពី ដីកសិកម្ម មកពុះជាឡូតិ៍ របស់ក្រុមហ៊ុន សេង សម្បត្តិ នៅស្រុកដងទង់ គឺជារឿងខុសច្បាប់

កាលពីចុងសប្តាហ៍​កន្លងទៅនេះ ក្រុមប្រឹក្សាខេត្តកំពតបានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា រឿងដូរប្រភេទដី ពីដីកសិកម្ម មកជាដីលំនៅដ្ឋាន ពុះជាដីឡូតិ៍ របស់ក្រុមហ៊ុន សេង សម្បត្តិ គឺមានការខ្វះខាតច្រើននៅលើផ្លូវច្បាប់ ដោយលោកអភិបាលខេត្ត បានបញ្ជាក់ថា តាមការសិក្សាផ្លូវច្បាប់គឺខុសទាំងស្រុង ព្រោះការដូរប្រភេទដី ពីដីកសិកម្ម មកជាដីលំនៅដ្ឋាន អាជ្ញាធរកម្រិតថ្នាក់ខេត្ត មានសិទ្ធិធ្វើបានត្រឹម ៣ហិចតាចុះក្រោមតែប៉ុណ្ណោះ ហេតុអ្វីដីនេះមានជាង ១០ហិចតា អាចធ្វើប័ណ្ណកម្មសិទ្ធិបាន។

ក្នុងនោះដែរលោក ម៉ៅ ធនិន ក៏​បានស្តីបន្ទោសខ្លាំងៗទៅលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ដោយលោកអភិបាលខេត្តទទួលយកមិនចំពោះការលើកឡើងរបស់លោកអភិបាលស្រុកថា បានឃាត់មិនអោយក្រុមហ៊ុន សេង សម្បត្តិ ធ្វើការចាក់ដីលុបបឹងដែរ តែឃាត់មិនស្តាប់។

លោក ម៉ៅ ធនិន បានលើកឡើងថា “ទទួលយកអត់បាន… អាជ្ញាធរពាក្យថាហាមឃាត់ដែរ តែឃាត់មិនស្តាប់ អញ្ចឹងមានតែអោយគាត់ (ក្រុមហ៊ុនសេងសម្បត្តិ) ធ្វើជាអាជ្ញាធរ”៕