អង្គការ BirdLife បានឱ្យដឹងនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះថា បក្សីសមុទ្រ បុលវ័រ (Bulwer’s Petrel) គឺជាសត្វស្លាបសមុទ្រមួយប្រភេទ ដែលជាធម្មតាត្រូវបានគេប្រទះឃើញនៅលើផ្ទៃសមុទ្របើកចំហ ឆ្ងាយពីតំបន់ដីគោក។ បក្សីមួយក្បាលនេះត្រូវបានកត់ត្រាដោយក្រុមការងាររបស់អង្គការ BirdLife នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ ដែលមានចម្ងាយជាង២០០គីឡូម៉ែត្រពីឆ្នេរសមុទ្រដែលនៅជិតបំផុត។
បើតាមអង្គការ BirdLife កំណត់ត្រានេះអាចនឹងតំណាងឱ្យកំណត់ត្រាដំបូងបង្អស់នៃប្រភេទសត្វស្លាបនេះមានវត្តមាននៅកម្ពុជា ហើយអង្គការ BirdLife សង្ស័យថាព្យុះទីហ្វុង“Kompasu” ដែលកំពុងធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសចិនចូលទៅក្នុងតំបន់ឥណ្ឌូចិនភាគខាងជើង បានបក់បោកនាំយកបក្សីមួយនេះពីដែនសមុទ្រឆ្ងាយមកកាន់តំបន់ដីគោក។ បក្សីសមុទ្រ បុលវ័រ គឺជាសត្វដែលគេកម្រប្រទះឃើញនៅក្នុងដែនទឹកអាស៊ីអាគ្នេយ៍ ហើយត្រូវបានគេកត់ត្រាទុកតែមួយចំនួនតូចប៉ុណ្ណោះនៅក្នុងសមុទ្រជុំវិញអាស៊ីអាគ្នេយ៍ដីគោក។ បក្សីសមុទ្រនេះត្រូវបានគេដឹងថា ជាប្រភេទដែលបន្តពូជនៅតំបន់ កោះ តូចៗនៅ សមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិកខាងលិច រួមទាំងនៅទីតាំងមួយចំនួននៅកោះរីយូឃ្យូភាគខាងត្បូងប្រទេសជប៉ុន។
ជាមួយគ្នានេះដែរ អង្គការ BirdLife ក៏បានអរគុណលោក ផល្លី ណាក់ (កសិករនៅលំផាត់ដែលបានជូនដំណឹងអំពីបក្សីនេះបានហើរចូលទៅបរិវេណគេហដ្ឋានរបស់គាត់និងបានដោះលែងទៅវិញ) និងអរគុណសហការីរបស់យើងដែលបានជួយក្នុងការកំណត់អត្តសញ្ញាណប្រភេទសត្វដែលមិនធ្លាប់បានស្គាល់អត្តសញ្ញាណនេះ៕
ប្រភព៖ BirdLife