នាវាចម្បាំង HMAS Anzac របស់ប្រទេសអូស្ត្រាលី គ្រោងនឹងចូលមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ដែលវាជាផ្នែកមួយនៃ សកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ IPE 21។ នេះបើតាមការប្រកាសរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
ការចូលចតរបស់នាវាចម្បាំងរបស់អូស្រ្តាលីនេះ ត្រូវបានគេចាត់ទុកថា វាជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មក។
បើតាមការប្រកាសរបស់ស្ថានទូតអូស្រ្តាលី នាវា HMAS Anzac នឹងនាំយកមកជាមួយនូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់ឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែង និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡានដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ៕