សង្គម

កុមារ និង​យុវវ័យ​អាយុក្រោម ១៨ឆ្នាំ ត្រូវ​លើក​លែង​ការ​បង្ហាញប័ណ្ណចាក់វ៉ាក់សាំង ពេលចេញចូលសាលារៀន

រដ្ឋបាល​រាជធានីភ្នំពេញ កាលពី​ថ្ងៃអាទិត្យ (១៧ តុលា) បានចេញសេចក្តីសម្រេចថ្មី​មួយ ដោយ​លើកលែងកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំង ចំពោះកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ រាល់ពេលចេញចូលសាលារៀន។

បើ​តាមរដ្ឋបាលរាជធានីភ្នំពេញថា ក្រោយ​តាមដានត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ ខ្លួនសង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម១៨ឆ្នាំមិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។

ឈរលើមូលដ្ឋាននេះហើយ ទើប​រដ្ឋបាល​រាជធានីភ្នំពេញសម្រេច អនុញ្ញា​ឲ្យ​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី ៦ឆ្នាំ ដល់​ក្រោម ១៨ឆ្នាំ និង​កុមារ​ដែលមាន​អាយុក្រោម ៦ឆ្នាំ មិន​មាន​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់វ៉ាក់សាំង​នោះទេ រាល​ពេល​ចេញ-ចូល​សិក្សា​នៅ​តាមទីតាំង​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដូចជា បណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និង​តូបភេសជ្ជៈ ដែលមានទីតាំងស្ថិត​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​នីមួយៗ៕