បើយោងតាមសេចក្តីណែនាំមួយកម្រាស់ចំនួន៩ទំព័រ របស់ក្រសួងសុខាភិបាលកាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកដំណើរមកពីបរទេសទាំងអស់ មិនថាជនជាតិខ្មែរ ឬជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំងរួច នឹងតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។
ការកំណត់បន្ថយថ្ងៃធ្វើចត្តាឡីស័កនេះ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា គឺដោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី។
ដូច្នេះ សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ដូចតទៅ៖
* ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស
* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)
* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ៕