ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនមួយថា ករណីនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅវេលាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ដែរថា សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបើករថភ្លើងនោះឡើយ ដោយគ្រាន់តែធ្វើការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះអ្នកបើករថភ្លើងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ។
សូមជម្រាបថានៅចំណុចផ្លូវរថភ្លើងឆ្លងកាត់ មិនមានអ្នកបិទប៉ារាស់ពេលរថភ្លើងមកដល់ ក៏ត្រូវរថភ្លើង១គ្រឿងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញបុករថយន្តរថយន្តសាំងយ៉ុង បណ្តាលអោយអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុរបួសធ្ងន់។
ក្នុងរថយន្តនេះមិនមានអ្នករួមដំណើរនោះទេ ក្រោយកើតហេតុ អ្នកបើកបររថយន្តម្នាក់ដែលរងរបួសធ្ងន់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ៕