សង្គម

អភិបាលរាជធានីភ្នំពេញ​ណែនាំអភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់ ពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅលេងស្រុកកំណើត

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលធ្វើឡើងបន្ទាន់ តាមប្រពន្ធ័Video Conference បន្ទាន់ នាព្រឹកថ្ងៃទី៤ខែតុលា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅលេងស្រុក កំណើត ដើម្បីធានាទប់ស្កាត់បញ្ហាចោរកម្ម និងសុវត្ថិភាពទីក្រុង។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានប្រាប់ទៅ​សមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំនៅតាមបេនឡាន,តាមច្រកចេញចូលរាជធានីភ្នំពេញឬកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធាន ការ៣កុំ៣ការពារពិសេសនៅពេលបងប្អូនវិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័សរកមេរោគកូវីដ- ១៩ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ-១៩ចូលក្នុងរោង ចក្រសហគ្រាសក្នុងរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងចេះការពារខ្លួនឯង,ក្រុមគ្រួសារខ្លួន។

ជាមួយ​គ្នា​នេះ លោក​ក៏បានណែនាំឱ្យមន្ទីរធម្មការនិងសាសនា ក៏ដូចជាអាជ្ញាធរខណ្ឌពង្រឹងវិធាន ការទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩និងញែកកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកម្សាន្ត, បៀរហ្គាដិន,ខេធីវី,និងទីតាំងប្រមូលផ្តុំមនុស្សច្រើនដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់៕