សង្គម

ហាងខារ៉ាអូខេបើកល្មើសវិធានការរដ្ឋបាល សមត្ថកិច្ចចុះបិទ​ឃាត់ខ្លួន​មនុស្ស​២១នាក់

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា នៅវេលាម៉ោង​ ០០:៣០នាទី​ រំលងអាធ្រាតឈានចូលថ្ងៃទី០៣.១០.២០២១​ ​កម្លាំងនគរបាលក្រុងក្រចេះ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី​ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក​ អ៊ង​ រី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង​(យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)​ ដែលបើកដំណើរការអាជីវកម្មល្មេីសវិធានរដ្ឋបាល​ ស្ថិតក្នុងភូមិក្រគរ​ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ​។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់មនុស្សចំនួន​២១នាក់(នារី០៧នាក់)​ មកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី។

សូមបញ្ជាក់ថា នៅពេលវិធានការរដ្ឋបាលត្រូវដាក់ឱ្យអនុវត្ត ការជួបជុំប្រមូលផ្តុំ ការធ្វើដំណើរ ត្រូវបានរឹតត្បិត ចំណែក​សកម្មភាពអាជីវកម្ម សេវាកម្មកម្សាន្ត ដូចជា ខារ៉ាអូខេ ត្រូវបានហាមឃាត់។ ចំពោះបុគ្គលល្មើស នឹងត្រូវទទួលរងការផាកពិន័យ ឬបញ្ជូនទៅតុលាការ។

យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការរដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លាន ទៅ៥លានរៀល។ បើអំពើនោះបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយបើអំពើនោះបានបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈពិន័យជាប្រាក់ពី២លានទៅ១០លានរៀល ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល៕