តាមប្រភពព័ត៌មានដែលទទួលបានពីលោក គង់ ចាន់ដេត ដែលបានអះអាងថា លោកមានដីទំហំ៩៧១០៦ម៉ែត្រការ៉េ ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ ត្រូវបានលោកយឹម សារគន្ធ រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។
លោក គង់ ចាន់ដេត បានថ្លែងប្រាប់សារព័ត៌មានពេញចិត្តមេឌា នាព្រឹកថ្ងៃសុក្រទី០១ ខែតុលា ឆ្នាំ២០២១ថា លោកបានទិញដីពីប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ដោយមានលិខិតទិញលក់ព្រមទាំងមានឯកសារកាន់កាប់លើដីអចលនទ្រព្យត្រឹមត្រូវ ពីប្រជាពលរដ្ឋដែលជាម្ចាស់ដីដើមយ៉ាងពិតប្រាកដដែលមានឈ្មោះដូចខាងក្រោម៖
១,អ៊ុង មាន ជាអនុភូមិថ្នល់ទក្សិណ
២,កែវ វាសនានិងឈ្មោះជុច សុគង់
៣,ប៉ែន យ៉ាប
៤,ខៀវ ប៉ុម
៥,ងៀម យ៉ុង
៦,ខៀវ នៅ
ការទិញលក់នោះ ក៏មានការដឹងឮពីលោកអូម យ៉ាន ជាអតីតមេភូមិថ្នល់ទក្សិណផងដែរ ស្រាប់តែនៅក្នុងឆ្នាំ ២០២១នេះ ក៏មានលោកយឹម សារគន្ធ បានមកអះអាងថា ដីនេះជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ លោក យឹម សារគន្ធ បានថ្លែងថា ដីនេះជាកម្មសិទ្ធិរបស់លោក ដែលបានទិញពីប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលជាដីមានប័ណ្ណរឹង និងប៉េវេ ដែលមានការចុះបញ្ជីត្រឹមត្រូវមានការចូលរួមដឹងឮពីអាជ្ញាធរភូមិឃុំ។ បើតាមសំដីប្រជាពលរដ្ឋទាំង ១៤ គ្រួសារបានឲ្យដឹងថា ដីដែលមានទំហំ៩៧១០៦ម៉ែត្រការ៉េ ស្ថិតនៅភូមិទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ពួកគាត់ពិតជាបានលក់ឱ្យលោកយឹមសារគន្ធ ដែលមានប័ណ្ណរឹងពិតប្រាកដមែន។
សូមបញ្ជាក់ថា ដោយសារមានការយោគយល់និងអាណិតដល់ប្រជាពលរដ្ឋទាំង១៤គ្រួសារ ដែលបានស្នើសុំខ្ចីដីធ្វើស្រែ លោកយឹមសារគន្ធក៏បានធ្វើកិច្ចសន្យាខ្ចីដីអោយទៅពួកគាត់សម្រាប់ធ្វើស្រែចម្ការជារៀងរាល់ឆ្នាំដោយមានឯកសារបញ្ជាក់ស្នាមមេដៃនិងហត្ថលេខាមេភូមិជាភ័ស្តុតាងស្រាប់៕
ពាក់ព័ន្ធនឹងការចុះផ្សាយនេះអង្គភាពសារព័ត៌មានពេញចិត្តមេឌា រងចាំការស្រាយបំភ្លឺពីភាគីទាំងសងខាងបន្ថែមទៀត រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ010 840732,061 881299, 097 7620035
ដោយ:សុិន ខ្វាន់ឆា