លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:០៥នាទី គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌ លោក កែវ សុភា អភិបាលរងខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ជាក់ស្តែងពីបទមិនគោរពវិធានការរដ្ឋបាល។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រយ:ពេល១៤ថ្ងៃ (ដប់បួន) ថ្ងៃគិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
តែយ៉ាងណាក៏ដោយ ទីតាំងភោជនីយ៏ដ្ឋាន បាត់អូន “Battoun” ស្ថិតនៅផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅតែបើកដោយអនុញ្ញាតឲ្យភ្ញៀវចូល ហេតុនេះហើយទើបអាជ្ញាធរចុះចាត់វិធានការ និងបានបិទហាងនោះមួយរយៈ៕