នាព្រឹក ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកថវិកាចំនួន ១០លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន២០បាវ ស្មើនឹង០១តោន, ទឹកសុទ្ធចំនួន៤០កេស, ទឹកក្រូច២០កេស, ទឹកដោះគោបឺត១០កេស, មី២០កេស, ទឹកត្រីទឹកស៊ីអ៊ីវ២០យួរ, ត្រីខកំប៉ុង០២កេស, ស្ករគ្រាប់០២កេស ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រោះតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យពិធីកាន់បិណ្ឌ នៅតាមវត្តអារាមក្នុងឆ្នាំនេះ ត្រូវបានរឹតត្បិត ដោយមិនមានការជួបជុំ ឈរលើគោលការណ៍ ៣ការពារ ៣កុំ ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មិនបានអញ្ជើញទៅវត្តដើម្បីកាន់បិណ្ឌដោយផ្ទាល់ ត្រឹមចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃប៉ុណ្ណោះ៕