សង្គម

វ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនកុមារអាយុ​៦ ដល់១២ឆ្នាំ ចំនួន៣លានដូស បានដឹក​មក​ដល់​កម្ពុជា

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​ចាក់ជូនកុមារ​អាយុ​៦ ដល់១២ឆ្នាំ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអង្គារនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បូករួមទាំងវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ នាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥.៥លានដូស។

លោកស្រីថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។

គួរ​បញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ៦ឆ្នាំឡើងទៅ បានចំនួនសរុប ១៣.២លាននាក់ ស្មើនឹងជាង ៨២ភាគរយ នៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប ១៦លាននាក់៕