សង្គម

រាជរដ្ឋាភិបាលសម្រេចផ្អាក​ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

យោងតាមសេចក្តីសម្រេចដែលចេញផ្សាយ​នៅយប់ថ្ងៃទី២៣ ខែកញ្ញា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ផ្អាក​ការ​រៀបចំពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដោយគិតចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ការសម្រេចផ្អាកនេះ គឺក្រោយ​ក្នុងរយៈ​ពេល ២ថ្ងៃ នៃការ​រៀបចំពិធីបុណ្យ​កាន់បិណ្ឌកន្លងទៅនេះ គេបានរកឃើញករណីឆ្លង​ជំងឺកូវីដ១៩ជាច្រើនករណីនៅតាម​ទីវត្តអារម្មណ៍ ដែលធ្វើ​ឲ្យ​មានការព្រួយបារម្ភនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគ​បំប្លែងខ្លួនថ្មី ប្រភេទ​ដែលតា ដែលមានកម្រិត នៃការឆ្លងរាលដាលឆាប់រហ័ស។

យ៉ាងណាក៏ដោយ បើទោះជារាជរដ្ឋាភិបាលបានសម្រេច​ផ្អាកពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌក៏ដោយ ក៏រាជរដ្ឋាភិបាល​នៅ​តែរក្សា​ការឈប់សម្រាករយៈ​ពេល ៣ថ្ងៃ សម្រាប់ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលត្រូវ​បានកំណត់ដោយ​អ​នុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២០ ស្តីពីប្រតិទិនឈប់សម្រាក​ការងាររបស់​មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១ដដែល៕