ទីតាំងតូបលក់បណ្តោះអាសន្នថ្មីសម្រាប់បន្លែត្រីសាច់ និងរបស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀត នឹងត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ជំនួសឱ្យផ្សារបន្ទាយស្រី ដែលត្រូវបានផ្អាកដំណើរការរយៈពេល២សប្តាហ៍។
ទីកន្លែងថ្មីនេះ ស្ថិតនៅលើកំណាត់ផ្លូវកៅស៊ូលេខ៦៧ ត្រង់ចំណុចច្រមុះជ្រូកនៃ«សួនច្បារត្រីកោណ»ទល់មុខនឹងភោជនីយដ្ឋានស្រីគូលែន ដែលមានចំងាយប្រមាណ២០០ម៉ែត្រពីទីតាំងចាស់នៃផ្សារបន្ទាយស្រី។ ក្រុមការងារបានរៀបចំផ្លូវវាងបណ្តោះអាសន្នដូចដែលមានបង្ហាញនៅក្នុងផែនទីគំនូសបង្ហាញខាងក្រោម ដើម្បីធានាឱ្យបានថា ចរាចរណ៍នៅលើផ្លូវជាតិលេខ៦៧នេះនៅតែអាចដំណើរការបានជាធម្មតាក្នុងអំឡុងពេល២សប្តាហ៍នេះ។
ដើម្បីធានាសុវត្ថិភាពឱ្យបានទាំងស្រុង តូបលក់បណ្តោះអាសន្នទាំងនេះ អាជ្ញាធរបានរៀបចំដោយមានគម្លាតសុវត្ថិភាពត្រឹមត្រូវ ហើយស្ថិតនៅលើទីវាលមានទីធ្លាធំទូលាយ ដោយលក់បានតែពេលព្រឹក និងតម្រូវឱ្យរុះរើចេញវិញនាពេលថ្ងៃត្រង់ តាមទម្រង់ផ្សារក្រមួន ដូចដែលធ្លាប់បានរៀបចំនៅក្នុងភូមិព្រះដាក់រួចមកហើយ។
តូបនីមួយៗមិនត្រូវមានអ្នកលក់លើសពីពីរនាក់ ហើយអ្នកលក់នីមួយៗត្រូវពាក់ម៉ាស់ ពាក់របាំងមុខ ពាក់ស្លាកសម្គាល់ពីអត្តសញ្ញាណ និងត្រូវធ្វើតេស្តយកសំណាកបង្ហាញលទ្ធផលអវិជ្ជមានជាមុនសិន មុននឹងអនុញ្ញាតឱ្យលក់ក្នុងទីតាំងថ្មីនេះ ហើយដាច់ខាតមិនត្រូវមានពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងអ្នកវិជ្ជមានឡើយ។
ដំណោះស្រាយបឋមមួយនេះ ត្រូវអភិបាលស្រុកបន្ទាយស្រីបញ្ជាក់ថា យ៉ាងហោចណាស់ក៏នឹងអាចបំពេញតម្រូវការចាំបាច់បំផុតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាបើកច្រកឱ្យបងប្អូនអាជីវករមួយចំនួននៅតែអាចបន្តរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពរបស់ខ្លួនបាន ក្នុងអំឡុងពេលដែលក្រុមការងារកំពុងតែដុតដៃដុតជើងទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលធំចូលទៅក្នុងសហគមន៍៕