មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានថ្លែងក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះទារបស់សហគមន៍តំបន់ ការពារធម្មជាតិពាមក្រសោបខេត្តកោះកុងនៅក្នុងផ្សារទំនើបម៉ាក្រូ កាលពីថ្ងៃទី២២ ខែកញ្ញាថា ការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទាដែលមានប្រភពមកពីកោះកុង គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។
បើតាមមន្រ្តីរូបនេះថា គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ។
លោក នេត្រ ភក្រ្តា បានថ្លែងថា គ្រំចំពុះទាដែលជាផលិតផលនៅខេត្តកោះកុង ហើយក៏ជាប្រភេទគ្រំមានរសជាតិយ៉ាងឆ្ងាញ់ពិសានេះត្រូវបានគេនាំយកមកដាក់ចែកចាយលក់នៅផ្សារម៉ាក្រូគឺជាជំហានថ្មីមួយទៀតសម្រាប់ពង្រីកទីផ្សារគ្រុំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។
គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុងអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ៣.២១០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ៕