ជីវិតកម្សាន្ត

ហ្វូងកូនសត្វក្រពើភ្នំដ៏កម្របំផុតនៅក្នុងតំបន់ទីជម្រកស្រែពក ផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សជាសាកល

ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២១ ដោយបញ្ជាក់ថា ពួកគេបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ(Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត សរុប​ចំនួន ៨ក្បាល ខណៈពេលដែលពួកគេបានចុះតាមដាន​ និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា​។​​

សកម្មភាពតាមដាន សិក្សា​នេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វក្រពើភ្នំនៃគម្រោង​កាំ​ប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយ GEF-5/UNEP ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ប៊ែលហ្ស៊ិក។

ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក​ ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងនៃឆ្នាំដដែលនេះ។ ហ្វូងកូនសត្វក្រពើភ្នំទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

លោក​ ប៊ុន​ សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា៖ «ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវយើងបានធ្វើការតាមដានជាប្រចាំ ហើយសម្រាប់ការចុះតាមដានមួយជើងនេះ ពួកយើងបានចំណាយអស់រយៈពេល ៤យប់ ដើម្បីអង្កេតមើលស្ថានភាពរបស់សត្វក្រពើភ្នំ​នៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧:០០យប់ រហូតដល់រំលងអធ្រាត្រ ប្រហែលទល់ ម៉ោង២:០០ព្រឹក»។ លោកបានបន្តទាំងមានស្នាមញញឹមផងថា៖​ «ភាពរំភើបត្រេកអរជាខ្លាំងក៏បានមកដល់ ក្រោយពេលដែលសមាជិកក្រុមការងារយើងម្នាក់បានប្រទះឃើញចំណាំងពន្លឺភ្នែករបស់កូនសត្វក្រពើដែលទើបនឹងញាស់»។

គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF ។

លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “នេះគឺជាដំណឹងដ៏ល្អមួយដែលយើងត្រូវសាទរនិងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការWWF និងអង្គការដៃគូ ជាពិសេសសមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការWWF ដែលបានខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងកំពុងបន្តពូជនៃសត្វក្រពើភ្នំដ៏កម្របំផុតនេះនៅតំបន់ស្រែពក»។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា៖​ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ»។

ផ្អែកតាម កញ្ញា Milou Groenenberg ជាប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF របកគំហើញនាពេលនេះត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាការវិវត្តន៍ដ៏វិជ្ជមានមួយ នៃការសិក្សាស្តីពីសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃស្រែពក ដោយហេតុថាវត្តមានរបស់សត្វនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវនានាដែលគេធ្លាប់ទទួលបានកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយរីឯការកត់ត្រាវត្តមានរបស់វាតាមរយៈរូបភាពក៏គ្មានដែរក្នុងទសវត្សរ៍ចុងក្រោយនេះ។

សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០​មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា​ គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០​ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់)​ ក្បាលឡើយ៕