សង្គម

មិនដឹងមានគំនុំអ្វី បង្កៃគ្រាប់បែក​ជាប់​នឹង​ទ្រូ ផ្ទុះស្លាប់លោកតាម្នាក់​នៅស្រុកក្រឡាញ់

លោកតា​ម្នាក់ អាយុ ៧៨ ឆ្នាំ បាន​ស្លាប់ ក្រោយពី​គ្រាប់បែក​មួយ​គ្រាប់ផ្ទុះ នៅពេល​គាត់ទៅ​លើក​ទ្រូ ដោយ​មិន​ដឹងថា ជនបង្ក​មានគំនុំអ្វី , ករណីនេះ​បានកើត​ឡើង តាំងពីព្រឹក ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ក្នុងភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។​

​នគរបាលបាន​និយាយថា នៅវេលា​ម៉ោង​ប្រហែល ៩ និង​៤០​នាទី ព្រឹក​ថ្ងៃកើតហេតុ មាន​បងប្អូន ប្រជា​ពលរ​ដ្ខ បាន​ទៅ​ស្ទូង​ជួស​ស្រូវ នៅ​វាលស្រែ​ខាងលិច​ភូមិ ប្រហែល ៣០០ ម៉ែត្រ ដែលមាន​ព្រំប្រទល់ ជាប់​នឹង​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់​។​

​ពេល​គាត់​ទៅដល់​ស្រែ បានឃើញ​មាន​ធុង​ពណ៌​ស នៅលើ​ភ្លឺស្រែ ដែលមាន​ចម្ងាយ​ប្រហែល ៨០ ម៉ែត្រ ប៉ុន្តែ​មិនឃើញ​មាន​មនុស្ស​ទេ គាត់​ក៏បាន​ដើរទៅ​មើល ពេល​គាត់​ទៅដល់ ក៏​ឃើញ​មនុស្ស ដេកស្លាប់​ក្បែរ​ធុង​នោះ គាត់​ក៏បាន​ទៅប្រាប់​គ្នា របស់​ពួកគាត់ និង​រាយការណ៍ ប្រាប់​សមត្ថកិច្ច​។​

​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ ទើប​ដឹងថា ជនរងគ្រោះ ឈ្មោះ ឆាវ រ៉ា​យ ភេទ​ប្រុស អាយុ ៧៨ ឆ្នាំ ទីលំនៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ស្លាប់​ដោយ​ការផ្ទុះ​គ្រាប់បែក ដោយ​ជន​មិន​ស្គាល់មុខ លួច​បង្កៃ​គ្រាប់បែក ជាប់​នឹង​ទ្រូ​របស់​ជនរងគ្រោះ​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ឆាវ រ៉ិ​ត ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​ថា ឪពុក​របស់គាត់ ដាក់​ទ្រូ នៅ​ទីនោះ (​ផ្លូវ​រទេះ​ចាស់​) រយៈពេល​ជិត ១០ ឆ្នាំ​មកហើយ ហើយ​ឆ្នាំនេះ គាត់​ទៅ​ដាក់​ទ្រូ កន្លែងចាស់​នោះ ប្រហែល ៦ ទៅ ៧ ថ្ងៃ​ហើយ ព្រោះ​ទើប​មានទឹក ហើយ​រៀងរាល់​ព្រឹក ម៉ោង ៦:៣០ នាទី គាត់​តែងតែ​ទៅ​មើល​ទ្រូ​របស់គាត់​។ លុះដល់​ម៉ោង​ប្រហែល ៨ គឺ​ឪពុក​របស់គាត់ ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​ព្រឹក​មិញ​នេះ កូន​ដាំបាយ​ឆ្អិន ចាំ​ឪពុក​គាត់ ដល់​ម៉ោង ៩:៣០​នាទី នៅតែ​មិនឃើញ​មក​ផ្ទះ ទើប​គាត់​ទៅតាម​ដល់​កន្លែង​ដាក់​ទ្រូ ទើប​ដឹងថា ឪពុក​គាត់ បាន​ស្លាប់​នៅ​កន្លែង​ដាក់​ទ្រូ បាត់ទៅហើយ​។​

​បើតាម​របាយការណ៍ បាន​បន្តថា នៅវេលា​ម៉ោង​ប្រហែល ៧​និង​២០​នាទី ប្រជាពលរដ្ឋ នៅ​ភូមិ​ក្បែរ កន្លែងកើតហេតុ បានឮ​សំលេង​ផ្ទុះ តែ​ស្មានថា ផ្ទុះ​កង់​រថយន្ត ឬ​ជា​ស្នូរ​ផ្គរ​រន្ទះ ព្រោះ​ពេលនោះ មេឃ​កំពុងតែ​ភ្លៀង​ខ្លាំង​ទៀតផង៕