សង្គម

ស្ថានទូតប្រាប់ពលរដ្ឋកម្ពុជាដែល​ចង់ចាកចេញពីប្រទេស​មីយ៉ាន់ម៉ា សូមទាក់ទងមកស្ថានទូត

ស្ថានឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា បាន​ជូនដំណឹងមួយ​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​មាន​បំណង​ចង់វិលត្រឡប់​មក​កម្ពុជាវិញ សូមធ្វើការ​ទំនាក់ទំនង​មក​ស្ថានទូត ព្រោះចុងខែនេះ នឹង​មានជើងហោះហើរមួយពីមីយ៉ាន់ម៉ា មក​កាន់កម្ពុជា។

បើតាមស្ថានទូតកម្ពុជាថា ខ្លួនបាន​សហការ​ជាមួយ​ភាគី​មីយ៉ាន់ម៉ា រៀបចំ​ជើង​ហោះហើរ​សង្គ្រោះ​លើក​ទី៧ (Relief Flight) ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ប្រជាជន​មីយ៉ាន់ម៉ា ​ពី​ប្រទេសកម្ពុជា នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​មីយ៉ាន់​ម៉ាអន្តរជាតិ (Myanmar Airways International – MAI)។

ដូច្នេះបងប្អូន​ខ្មែរ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ តាមរយៈ​ជើង​ហោះហើរ​ខាងលើ សូម​ធ្វើការ​ចុះឈ្មោះ​ជាមួយ​ស្ថានឯកអគ្គរាជទូត​កម្ពុជា ឲ្យបានឆាប់រួសរាន់​ជាមួយ លោក ម៉ៅ ដារ៉េត លេខាធិការទី១ ដែល​មាន​លេខទូរស័ព្ទ +95 9 445 399 399 យ៉ាងយូរ​ត្រឹម​ថ្ងៃ​អង្គារ ទី២១ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​​ម៉ោង ០៤៖០០ នាទី​រសៀល ដើម្បី​ស្ថានឯកអគ្គរាជទូត ចាត់ចែង​បន្ត​បាន​ទាន់​ពេល​វេលា។

ព័ត៌មាន​ផ្ទាល់ខ្លួន​សម្រាប់​ការ​ចុះ​ឈ្មោះ រួមមាន៖

១. លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

២. អាសយដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា និងអាសយដ្ឋាន​នៅប្រទេសកម្ពុជា

៣. លេខទូរស័ព្ទ ដែលអាចទំនាក់ទំនងបាននៅមីយ៉ាន់ម៉ា (លេខទូរស័ព្ទផ្ទាល់ខ្លួន) និងនៅប្រទេសកម្ពុជា (លេខទូរស័ព្ទផ្ទាល់ខ្លួន គ្រួសារ ឬសាច់ញាតិ)

៤. តួនាទី និងឈ្មោះ ទីកន្លែងធ្វើការនៅមីយ៉ាន់ម៉ា៕