ក្រោយពីមានការចោទប្រកាន់ថា អាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពកាប់ដើមឈើធំដែលនៅខាងមុខប្រាសាទអង្គរវត្តក្នុងចេតនាដើម្បីធ្វើអាជីវកម្មនោះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានធ្វើការបដិសេធទាំងស្រុង ដោយថា ការកាប់នោះ គឺដោយសារដើមឈើទាំងនោះមានអាយុច្រើន ព្រមទាំងមានជំងឺ។
លោក ចាន់ដារដ្ឋ បានថ្លែងថា មុននឹងកាប់ដើមឈើទាំង២ដើមនោះ មន្ត្រីជំនាញបានថែទាំព្យាបាលវាយ៉ាងហ្មត់ចត់បំផុតដើម្បីឲ្យមានជីវិត ប៉ុន្ដែដោយសារវាមានអាយុកាលច្រើនឆ្នាំ និងមានជំងឺមិនអាចព្យាបាលបានទើបអាជ្ញាធរសម្រេចកាប់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ហើយការកាប់នេះមានការជូនដំណឹងជាមុន មិនមែនកាប់ធ្វើអាជីវកម្មដូចការរិះគន់របស់បុគ្គលអគតិមួយចំនួន និងការចុះផ្សាយតាមបណ្ដាសង្គមហ្វេសប៊ុកនោះទេ។
បើតាមលោកអគ្គនាយករងថា កន្លងមកអាជ្ញាធរជាតិអប្សរា បានធ្វើការដកហូតដើមឈើដែលមានអាចបង្កហានិភ័យប្រមាណជា៣០០ដើមរួចមកហើយ ហើយរាល់ការដកហូតសុទ្ធតែមានការជូនដំណឹងជាមុន។ ក្រៅពីការដកហូតនេះ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើការដាំកូនឈើ និងចែកកូនឈើដល់សាធារណជនក្នុងមួយឆ្នាំៗប្រមាណជា២០ម៉ឺនដើមផងដែរ៕