តាមវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី (Global Tourism Forum Indonesia– Leaders Summit Asia) អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវ។
វេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ីនេះធ្វេីឡេីងនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះភាគីកម្ពុជាចូលរួមដោយ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ និងមានការចូលរួមផងដែរពីថ្នាក់រដ្ឋមន្ត្រីនៃប្រទេស៖ ព្រុយណេ ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ និងវៀតណាម។
កិច្ចពិភាក្សាបានវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ក្នុងប្រទេសសមាជិកអាស៊ាន, ចែករំលែកបទពិសោធន៍ស្តីពីការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ និងចែករំលែកទស្សនទានលើការបើកទេសចរណ៍អន្តរជាតិនាពេលខាងមុខ។
កិច្ចពិភាក្សាមានជំហរ និងការយល់ឃើញរួមដូចជា៖ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងដើម្បីបើកទេសចរណ៍ តំបន់ឡើងវិញនាពេលខាងមុខ តាមរយៈការសម្របសម្រួលវិធានធ្វើដំណើរ ដោយយកផែនការស្តារវិស័យទេសចរណ៍អាស៊ាន និងគោលការណ៍ណែនាំ ស្តីពីអនាម័យ និងសុវត្ថិភាព (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ជាមូលដ្ឋាននៃការបើកឡើងវិញដោយចាប់ផ្តើមពីទេសចរណ៍ផ្ទៃក្នុងអាស៊ាន។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអាស៊ានក្នុងការចូលរួមទប់ទល់ និងដោះស្រាយផលប៉ពាល់នៃវិបត្តិកូវីដ១៩ លើវិស័យទេសចរណ៍តាមរយៈលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្ដីពីជំងឺកូវីដ១៩ នាខែមេសា ឆ្នាំ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធនាខែកុម្ភ: ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់កម្ពុជា ជាប្រធានកិច្ចប្រជុំ និង ឥណ្ឌូណេស៊ីជា អនុប្រធាន។
ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន បានស្នើសុំឲ្យ World Tourism Forum Institute ដែលមាន លោក Taleb Rifai អតីតអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ជាអគ្គលេខាធិការ ធ្វើជាដៃគូគាំទ្រ និងជំរុញការបើកទេសចរណ៍អាស៊ានឡើងវិញ៕