អាជ្ញាធរខេត្តបាត់ដំបងបានឲ្យដឹងថា ភូមិភ្នំ១០០ ដែលជាភូមិដាច់ស្រយាលមួយ ស្ថិតនៅតំបន់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្រ្ត ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវរកឃើញប្រជាពលរដ្ឋ ប្រមាណ ៨៨នាក់ ឆ្លងជំងឺកូវីដ១៩ ពេលអាជ្ញាធរចុះយកសំណាក ហើយជាវិធានការភ្លាមៗអាជ្ញាធរបានសម្រេចបិទការចេញចូលភូមិ ១០០នេះ ដើម្បីកុំឲ្យឆ្លងរាល ដាលទៅភូមិផ្សេងទៀត។
លោកស្រី រី ហេង មេឃុំត្រាង បានបញ្ជាក់ថា មូលហេតុដែលមានការឆ្លងរាលដាលពេញភូមិនេះ ដោយសារកាលពីថ្ងៃទី ១០ ខែកញ្ញា មានអ្នកភូមិម្នាក់ បានទៅសួរសុខទុក្ខបងប្អូនដែលសម្រាកព្យាបាលជំងឺកូវីដ- ១៩ នៅក្នុងស្រុកសំពៅលូន ដោយនៅពេលនោះក្រុមគ្រូពេទ្យក៏បានយកសំណាកបុគ្គលរូបនោះទៅពិនិត្យ ក៏ស្រាប់តែលទ្ធផលបញ្ជាក់ថាវិជ្ជមាន ទើបមានការភ្ញាក់ផ្អើលក្នុងភូមិភ្នំ ១០០ ទាំងមូលតែម្តង។
ក្រោយពីឃើញមានអ្នកភូមិឆ្លង ដូច្នេះអាជ្ញាធរចាប់ផ្តើមយកសំណាកជាបន្តបន្ទាប់ ដោយនៅថ្ងៃទី១១ គឺរកឃើញវិជ្ជមានចំនួន ១៧ នាក់, ថ្ងៃទី ១២ រកឃើញបន្តចំនួន ២២ នាក់ ថ្ងៃទី១៣ រកឃើញ ២៦ នាក់ និងថ្ងៃទី១៤ ខែកញ្ញា រកឃើញចំនួន ២២ នាក់បន្ថែមទៀត ដែលសរុបទាំងអស់មានចំនួន ៨៨ នាក់ ក្នុង ចំណោមពលរដ្ឋទៅយក សំណាក៤០០នាក់។
លោក សុខ គឹមខុន អភិបាលស្រុកកំរៀងបានមានប្រសាសន៍ថា អាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុងបន្តយកសំណាកលើប្រជាពលរដ្ឋបន្ថែមទៀត និងបិទការចេញចូលភូមិនេះទាំងមូល ។
លោកអភិបាលស្រុកឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅភូមិភ្នំ១០០នេះ មានចំនួន ១៤៦ ខ្នងផ្ទះ ដែលមានមនុស្សចំនួន ៦៩៨នាក់ ភូមិជាប់ព្រំដែនប្រទេសថៃមួយនេះ ស្ថិតនៅដាច់ស្រយាលពីគេ ចម្ងាយជិត២០គីឡូម៉ែត្រ៕