សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការបើកយុទ្ធនាការចាក់វ៉ាក់កូវីដ១៩ សម្រាប់កុមារដែលមានអាយុពី៦ ដល់១២ឆ្នាំ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានប្រមាណជាង៨៧ភាគរយហើយ។
បើតាមការបញ្ជាក់របស់សម្តេចតេជោ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុពី៦ ដល់១២ឆ្នាំ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រខាងមុខនេះ សម្រាប់កុមារដែលមានចំនួនសរុប ១លាន៨សែននាក់ ដោយប្រើប្រាស់វ៉ាក់សាំង Sinovac របស់ប្រទេសចិន។
សម្តេចតេជោបានបញ្ជាក់ថា ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុពី ៦ ដល់១២ឆ្នាំនេះ គឺដើម្បីអាចឲ្យកុមារចូលរៀនបឋមសិក្សា អាចចូលរៀនវិញបានដោយគ្មានការភ័យខ្លាច។
ជាមួយគ្នានេះដែរ សម្រាប់កុមារដែលមានអាយុចាប់ពី ៣ ដល់៦ឆ្នាំវិញ រាជរដ្ឋាភិបាលកំពុងតែធ្វើការគិតគូរ។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាបានសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើង បានចំនួនជាង៩៧ភាគរយហើយ នៃចំនួនគោលដៅចំនួន១០លាននាក់ និងការចាក់វ៉ាក់សាំងជូនដល់កុមារយុវវ័យ ដែលមានអាយុចាប់ពី ១២ ដល់ក្រោម ១៨ឆ្នាំ បានចំនួនជាង ៨៧ភាគរយហើយ ធៀបនឹងគោលដៅ ២លាននាក់៕