សង្គម

ក្មេងប្រុសម្នាក់បានបាត់ខ្លួនចំនួន៥ថ្ងៃក្នុងទឹកដីស្រុកឈូក ខេត្តកំពត

ក្មេងប្រុសម្នាក់ឈ្មោះ ប៊ិន លីឆេងយូ អាយុ១៥ឆ្នាំ មានមុខរបរជាអ្នកលក់ផ្កានិងកូនឈើដឹកតាមរ៉ឺម៉កជាមួយឪពុកឈ្មោះ សាយ ប៊ិននី រស់នៅភូមិព្រែកឈ្មោះ ឃុំព្រែកសរសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានបាត់ខ្លួនអស់រយៈ​ពេល​ប្រមាណ៥ថ្ងៃមកហើយនៅស្រុកឈូក ខេត្តកំពត ពេល​តាមឪពុកមកលក់ដើមឈើ។

លោកស្រី ជីន ស្រីនីន ត្រូវជាម្តាយបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កូនប្រុសរបស់គាត់នឹងប្តីបានដឹកកូនឈើនឹងផ្កាយកទៅលក់នៅឯស្រុកឈូកខេត្តកំពតដោយមានរ៉ឺម៉កម្នាក់មួយ លុះទៅដល់ស្រុកឈូកនៅថ្ងៃទី៣ខែឆ្នាំដដែលប្តីរបស់គាត់ក៏លក់អស់ហើយក៏បានប្រាប់កូនប្រុសរបស់គាត់ថាអោយនៅចាំក្នុងវត្តមួយក្នុងស្រុកឈូកព្រោះរូបគាត់ប្រញាប់ត្រឡប់មកយកកូនឈើអោយម៉ូយ នៅពេលដែលត្រឡប់មកវិញប្តីរបស់គាត់ក៏បានឧស្សាហ៍ទាក់ទងតាមទូរស័ព្ទទៅកូនតែនៅនិយាយជាមួយគ្នាបានធម្មតា។

លោកស្រី ជីន ស្រីនីន បានបន្តទៀតថាលុះដល់ថ្ងៃអាទិត្យ ទី៥ ខែឆ្នាំដដែលពេលល្ងាចម៉ោងប្រហែលជា៤នឹង៣០នាទី ប្តីរបស់គាត់ក៏បានទូរស័ព្ទទៅកូនម្តងទៀតតែនិយាយមិនបានប៉ុន្មានផងកូនរបស់គាត់ក៏បិទទូរស័ព្ទតែម្តងដោយប្រាប់ថាមេឃកំពុងភ្លៀងខ្លាំងដោយមិនបានសួរអោយបានច្បាស់ថានៅទីតាំងកន្លែងណាអោយពិតប្រាកដដែរ បន្ទាប់មកទៀតប្តីរបស់គាត់ក៏បានទូរស័ព្ទទៅម្តងទៀតតែទូរស័ព្ទមិនអាចទាក់ទងបានតាំងពីពេលនោះមករហូតដល់ថ្ងៃនេះគឺ៥ថ្ងៃហើយ។

បច្ចុប្បន្នប្តីរបស់គាត់ក៏បានទៅប្តឹងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកឈូកដែរតែនៅមិនទាន់មានដំណឹងអ្វីនៅឡើយចំណែករូបគាត់វិញមិនអាចទៅតាមរកកូនជាមួយប្តីបានទេព្រោះគាត់មានផ្ទៃពោះកូនទី៥ហើយកូនដែលបាត់ខ្លួននោះជាកូនទី១ ដោយសារតែជីវភាពខ្វះខាតទើបតម្រូវអោយកូនប្រុសទី១ដែលបាត់ខ្លួននោះឈប់រៀនទៅជួយរកលុយដើម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ។

ជាចុងក្រោយលោកស្រី ជីន ស្រីនីន សូមលើកម្រាមដៃដប់សូមអោយសមត្ថកិច្ចនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយដល់គាត់បើបានឃើញក្មេងប្រុសម្នាក់ដូចមានក្នុងរូបភាពខាងលើសូមមេត្តាជួយផ្តល់ដំណឹងមកគាត់ផ្ទាល់តាមរយ:ទូរស័ព្ទលេខ 097 8167705,097 6549517,087 776578 រូបគាត់នឹងមានជូនជាសារគុណ៕