ករណីកម្មកររោងសិប្បកម្មផលិតទឹកកកផ្សារបត់រការ មានទីតាំងស្ថិតនៅផ្សារបត់ ឃុំសំរោង ស្រុកសំរោង នៃខេត្តតាកែវ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ ពេលបំពេញការងារ ពេលនេះត្រូវបានបិទបញ្ចប់សំណុំរឿងហើយ ក្រោយម្ចាស់សិប្បកម្មបានបង់សំណងចំនួន ២៥០០ដុល្លារអាមេរិក។
ក្មេងប្រុសដែលមានឈ្មោះ ញ៉ែម សូ អាយុ១៦ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំជើងគួន ស្រុកសំរោង ត្រូវបានខ្សែភ្លើងឆក់ស្លាប់ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីរូបគេបានទៅពិនិត្យម៉ូទ័របូមទឹក នៃសិប្បកម្មផលិតទឹកកក។
បើតាម លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវបានថ្លែងថា ក្រោយកើតហេតុលោកបានចាត់ក្រុមការងារឲ្យចូលរួមត្រូតពិនិត្យ ហើយរកឃើញថា រោងសិប្បកម្មខាងលើគឺមានករណីខុសលក្ខណៈបចេ្ចកទេសច្រើន ហើយលោកបានទុកពេលឲ្យ១ខែ ដើម្បីឲ្យសិប្បកម្មនោះកែរប្រែ តែបើមិនមានការកែប្រែទេ លោកនឹងបិទរោងសិប្បកម្មនេះភ្លាម។ ចំណែកជនរងគ្រោះស្លាប់ដែលមានអាយុ១៦ឆ្នាំនោះ គឺទុកឲ្យខាងមន្ទីរការងារ ព្រោះមិនពាក់ពន្ធ័ជាមួយលោកទេ។
នៅថ្ងៃនេះ យើងមិនអាចទាក់ទងសុំការបំភ្លឺពីមន្ទីរការងារខេត្តតាកែវបានទេថា តើករណីនេះនឹងត្រូវចាត់ការយ៉ាងណា?
តែយ៉ាងណាក៏ដោយ បើតាមលោក ភី ឆុន អធិការនគរបាលស្រុកសំរោង បានថ្លែងថា ករណីនេះក្មេងប្រុសឆក់ខ្សែភ្លើងស្លាប់នៅរោងម៉ាស៊ីនទឹកកកផ្សារបត់រការនោះ គឺបានបិទបញ្ចប់សំណុំរឿងហើយ ដោយខាងម្ចាស់ម៉ាស៊ីនទឹកកក បានសម្របសម្រួលជាមួយគ្រួសារជនរងគ្រោះ។
តាមលោកអធិការថា ករណីនេះ គឺជាករណីបង្ករដោយខ្លួនឯង ដោយលោកថា ពេលបំពេញការងារនោះ កម្មករផ្សេងៗគេទៅបំពេញការងារតាមជំនាញគេរៀងៗខ្លួន ចំណែកជនរងគ្រោះបានទៅកន្លែងខ្សែភ្លើងឆក់នោះ ដោយពុំមានអ្នកណាប្រើឡើយ (Sic!)។
ជាមួយគ្នានេះ លោក ភី ឆុន ក៏បានឲ្យដឹងដែរថា ករណីនេះពុំមានអ្នកណាដាក់ពាក្យបណ្តឹងឡើយ ដូច្នេះទើបលោកបិទបញ្ចប់សំណុំរឿងនេះ៕