ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថម្នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពី មន្ត្រីរូបនេះប្រើអំពើហឹង្សាទៅលើអ្នកដទៃ និងបង្ហោះហ្វេសប៊ុក ជេរប្រមាថថ្នាក់ដឹកនាំខេត្ត ជាសាធារណៈ បង្ហោះតាមបណ្ដាញសង្គម។
មន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី។
យោងតាមការឲ្យដឹងពីមន្ត្រីក្នុងជួរកងរាជអាវុធហត្ថខេត្ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១៦.០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចវត្តគិរីសោភ័ណ្ឌ(ហៅវត្តអូរភ្លង) ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជនសង្ស័យបានប្រើអំពើហិង្សាដោយចេតនា វាយទៅលើជនរងគ្រោះឈ្មោះ ម៉ក់ ល័ក្ខ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាចារ្យភ្លុក មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។
ប្រភពខាងលើបានបន្តទៀតថា នៅថ្ងៃកើតហេតុនោះ ម្ដាយរបស់ឈ្មោះ ទួង ចាន់ ឈ្មោះ ឈាង ប៉ោអ៊ាន អាយុ ៧៣ឆ្នាំ បានស្លាប់ដោយជម្ងឺកូវីដ-១៩។ មន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ចែង និងដឹកសព យកទៅបូជានៅវត្តគិរីសោភ័ណ្ឌ ហៅវត្តអូរភ្លង ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងពេលកំពុង បូជាសព បានបន្តិចឈ្មោះ ទួង ចាន់ បានទៅដល់ហើយស្រែកសួរទៅលោកអាចារ្យភ្លុកឈ្មោះ ម៉ក់ ល័ក្ខ ថា អាណាឲ្យបូជា អាចារ្យក៏ឆ្លើយថា គ្រូពេទ្យឲ្យបូជា ពេលនោះឈ្មោះ ទូង ចាន់ ខឹងនឹងលោកអាចារ្យ ក៏បានយកដុំឥដ្ឋបម្រុងវាយទៅលើលោកអាចារ្យភ្លុក ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិ ចាប់ឃាត់ធ្វើឲ្យជ្រុះដុំឥដ្ឋនោះចេញពីដៃ បន្ទាប់មកឈ្មោះ ទួង ចាន់ ក៏ស្ទុះទៅវាយលោកអាចារ្យភ្លុក ត្រូវចំក្បាលមួយដៃ។
ក្រោយមកនៅវេលាម៉ោងប្រហែល ១៤.០០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ទួង ចាន់ ដែលមានគណនី facebook ឈ្មោះ Chheang Sok បានសរសេរក្នុងគណនីរបស់ខ្លួនបង្ហោះ ជេរប្រមាថថ្នាក់ដឹកនាំខេត្តជាសាធារណៈ ដោយខឹងក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានវិចខ្ចប់សពម្ដាយលោក យកទៅបូជាភ្លាមៗ មិនទុកពេលឲ្យកូនបានធ្វើបុណ្យជូនអ្នកម្ដាយជាចុងក្រោយ។
គួរបញ្ជាក់ថា សពស្ត្រីឈ្មោះ ឈាង ប៉ោអ៊ាន អាយុ ៧៣ឆ្នាំ កើតជំងឺកូវីដ-១៩ នៅថ្ងៃទី ២២ សីហា លុះដល់ម៉ោង ១.២៧នាទី ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ គាត់បានស្លាប់នៅមណ្ឌលព្យាបាលបឹងកន្សែង៕