នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ នឹងបើកដំណើរការសាកល្បងសាលារៀនចំនួន៥ ដែលស្មើនឹង៣៣ថ្នាក់ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលប្រមាណជាង១ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩។
យោងតាមកិច្ចប្រជុំដែលធ្វើឡើងដោយរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃពុធ សាលាដែលនឹងបើកដំណើរការសាកល្បង គឺផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅតាមក្រុងស្រុកទាំង៥ មានដូចជា វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ, អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់, វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ, អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សាលារៀនដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ គឺជាសាលារៀនដែលស្ថិតនៅក្នុងភូមិសាស្រ្តមានហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ទាប ហើយសាលារៀនទាំងនោះ ត្រូវតែអនុវត្តនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕